ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងភាពអនុគ្រោះឱ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃនេះ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនីរបស់ខ្លួនទៅបញ្ជាក់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។
ការបញ្ជាក់បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្ដីពីការងាររឹតបន្តឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានាក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ការសុំលិខិតបញ្ជាក់នេះ ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ ។
ក្នុងនោះលោកឃួង ស្រេង បានបញ្ជាក់ថា ដោយមានបញ្ហាស្មុគស្មាញមួយចំនួននៅតាមគោលដៅដែលកម្លាំងសមត្ថកិច្ច ដាក់កម្លាំងដើម្បីបិទខ្ទប់ ពិសេសលើការពិនិត្យឯកសារនៃការអនុញ្ញាតឱ្យចេញ ចូល បង្កឱ្យមានការកកស្ទះចរាចរណ៍ជាអន្លើនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំឱ្យខណ្ឌទាំង១៤ ដើម្បីចេញលិខិតអនុញ្ញាតខាងលើនេះ ។
លោកបន្តថា ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់អ្នកដែលត្រូវផ្តល់អាទិភាពធ្វើដំណើរត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១-រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួនមកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២ភាគរយនៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ២ភាគរយនៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។ ២-ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេសក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។
ក្រៅពីបញ្ហាខាងលើនេះ លោកឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ ពិសេសខណ្ឌ៣ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវកំណត់ទីតាំងឱ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមានបញ្ហាប្រឈមជីវភាពខ្លាំង ដើម្បីយើងបានយកអំណោយទៅចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលា៕
ដោយ៖ សំរិត