ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីផភ្នំពេញបង្ហាញមុខជនសង្ស័យ៥នាក់ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ការបន្តតាមផ្លូវច្បាប់ ខណៈឃាត់ខ្លួនបានជាបន្តបន្ទាប់រយៈពេលថ្មីៗមកនេះ។
សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យខាងលើនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅក្នុងស្នងការដ្ឋាននគរបាលនៃស្នងការរាជធានីភ្នំពេញលោក តី វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះទី១ឈ្មោះប៉ែនន ចាន់រិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួសជួលម៉ូតូស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី២ឈ្មោះអ៊ិត សុខសោម ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងជួសជួលភ្លើង ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣ឈ្មោះជា ប៉ូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៤ឈ្មោះធន់ វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទិញរថយន្ត ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទាំង៤នាក់ខាងលើនេះគឺជាមុខសញ្ញាលួចរថយន្តយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ដោយឡែកជនសង្ស័យទី៥ ករណីហឹង្សាដោយចេតនាបង្កឲ្យជនរងគ្រោះរបួសធ្ងន់ឈ្មោះប្រាក វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះញឹាម វ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់សន្សំកុសល១ ខណ្ឌមានជ័យ។
លោកតី វិសាល អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជងរងគ្រោះកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវហើយឈានដល់កំណត់នូវមុខសញ្ញារួចចាប់ខ្លួនបានជាបន្តបន្ទាប់៕
ដោយ៖ អារុណរះ