ខេត្តបាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលចាប់ឃាត់ខ្លួនដើម្បីយកមកសាកសួរក្រោយពីមានហេតុការណ៍កើតឡើងទៅលើនារីវ័យក្មេងម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់រំលោភហើយវាយស្លាប់តែនារីរងគ្រោះមិនស្លាប់ហើយត្រូវបានគេដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោ១១និង៣០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចខ្ទមស្រែមួយកន្លែង ចម្ងាយពីភូមិប្រហែល ១,០០០ម៉ែត្រស្ថិតក្នុងភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ខណៈ ដែលឳពុកម្តាយនារីរងគ្រោះចេញពីផ្ទះបាត់អស់ ទៅរកសត្វល្អិតកន្តេះឡង់និងចង្រឹត ទុកនារីរងគ្រោះ និងប្អូនស្រីតូចម្នាក់ទៀតដេកនៅចាំក្នុងខ្ទមស្រែ។
នគរបាលស្រុកថ្មគោលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉េក ពឿន ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិទំពូង ឃុំទំពូង ស្រុកថ្មគោល ។ ចំណែកនារីរងគ្រោះមានឈ្មោះ កឿន សុគីម ភេទស្រី អាយុ១៨ឆ្នាំមុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា បើតាមសម្តីឳពុកស្រ្តីរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺគាត់និងប្រពន្ធបាននាំគ្នាចេញពីផ្ទះខ្ទមស្រែដើម្បីទៅរកសត្វល្អិតកន្តេះឡង់និងចង្រឹតដើម្បីយកលក់ផ្គត់ផ្គង់គ្រួសារ។បន្ទាប់ពីពួកគាត់ចេញបាត់ពីផ្ទះមួយសន្ទុះធំទើបត្រឡប់មកផ្ទះខ្ទមស្រែនោះវិញក៏ស្រាប់តែឃើញកូនស្រីរបស់គាត់ដេកសន្លប់បាត់ស្មារតីនិងឃើញស្នាមរបួសត្រង់ត្រចៀកខាងស្ដាំធ្ងន់លើសៀតផ្កាខាងស្ដាំមួយកន្លែងទៀតធ្ងន់ ហើមបបូរមាត់ ហើមខៀវភ្នែកនិងរបួសពេញលើដងខ្លួន ដែល គេសង្ស័យនារីរងគ្រោះត្រូវជនល្មើសវាយហើយកាប់និងចប ដោយគេឃើញចបកាប់មួយប្រឡាក់ឈាមនៅកន្លែងកើតហេតុ។
លោកអធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុនោះភ្លាមលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញខេត្តនិងស្រុកថ្មគោលបានចុះធ្វើការស្រាវជ្រាវតាមដានស៊ើបអង្កេតតាមជំនាញតាមរយៈទូរស័ព្ទ ស្រ្តីរងគ្រោះដែលបានសន្សល់ លេខទំនាក់ទំនងជាមួយ និង ជនសង្ស័យមុនពេលដែលនិងជួបហេតុការ។លុះព្រឹកឡើងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ កម្លាំង នគរបាលក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េក ពឿន យកមកសាកសួរហើយជនសង្ស័យក៏បានឆ្លើយសារភាពទទួលកំហុសពិតជារំលោភនិងប៉ងវាយសម្លាប់នាងជានារីរងគ្រោះពីព្រោះខ្លាចបែកការដល់ឳពុកម្តាយនាងដោយរវាងរូបគេនិងស្រ្តីរងគ្រោះជាមនុស្សស្គាល់គ្នានិងមានទំនាក់ទំនងស្នេហារវាងគ្នា។
ជនសង្ស័យនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលស្រុកថ្ម គោលនាំខ្លួនទៅកន្លែងកើតហេតុដើម្បីធ្វើតម្រាប់ឡើងវិញនៅពេលជនសង្ស័យបានធ្វើសកម្មភាពមកលើស្រ្តីរងគ្រោះ។ជនសង្ស័យនគរបាលស្រុកថ្មគោលគ្រោងនិងចាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖សំវិច្ឆិកា