ភ្នំពេញ៖ បុរសម្នាក់ ដែលបានកាត់ខ្សែរបាំងគោលដៅសមត្ថកិច្ច នៅសង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។ លុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជំរះ និងបានសម្រេចកាត់ទោសបុរសរូបនេះ ដាក់ពន្ធនាគារ១ឆ្នាំ ។
បុគ្គលឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីយោងតាមការលេីកឡេីងរបស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសានេះដែរថា៖ ក្រោយពីលោក ឡុង ជាប ព្រះរាជអាជ្ញារង បានបើកការសាកសួរជនសង្ស័យរូបនេះ តាមនិតិវិធីរួច ក៏បានសម្រេចធ្វើការចោទប្រកាន់ ជនសង្ស័យ ឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ តាមមាត្រា ៤ និងមាត្រាទី ១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ច្បាប់កូវីដ-១៩) រួចត្រូវបានបញ្ជូនទៅខាងចៅក្រមដើម្បីបើកការជំនុំជម្រះផ្ទាល់តែម្តង នារសៀលថ្ងៃទី១៨ ខែមេសានេះដែរ។
អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយពីបើកសវនាការជំនុំជម្រះផ្ទាល់ រួចរាល់ ចៅក្រមជំនុំជំរះ លោក ឡុង វណ្ណា បានសម្រេចផ្តន្ទាទោសបុគ្គលខាងលើនេះ ឲ្យជាប់ពន្ធនាគាររយៈពេលមួយ (០១) ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួន ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ បានដើរមកពីផ្ទះ រួចបានយកកូនកាំបិតចិតបន្លែចុងស្រួច ដងពណ៌ក្រហមចំនួន០១ យកមកធ្វើសកម្មភាព កាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចយើង រួចហើយរត់គេចខ្លួន ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត និងចាប់យកកូនកាំបិតចិតបន្លែចុងស្រួច ដងពណ៌ក្រហមចំនួន០១ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង ។
បច្ចុប្បន្នបុគ្គលខាងលេីនេះ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៕ដោយ៖សហការី