ព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន៣២នាក់បានស្លាប់បាត់បង់ជីវិតនិងក៏មានមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាលចំនួន២១៥នាក់ផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១២៧ករណីនៃឆមាសទី១ដើមឆ្នាំ២០១៥ក្នុងខេត្តព្រះសីហនុចំនួនខាងលើនេះបើធៀបទៅនិងឆមាសទី១ឆ្នាំ២០១៤ឃើញថាកើនឡើង
១៩ករណី នេះជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ។
យោងតាមរបាយការណ៍របស់ប៉ូលីសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឆមាសទី១ដើមឆ្នាំ២០១៥នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១២៧ករណី បើធៀបទៅនិងដើមឆ្នាំ២០១៤កន្លងមកឃើញថាមានការកើនឡើងប្រមាណ១៩ករណីក្នុងនោះបង្កឡើងដោយជនបរទេសក៏មាន២៦ករណីផងដែរ ។ លោក អ៊ី សុខា បានថ្លែងថា ក្នងឧប្បវហេតុខាងលើនេះបានសម្លាប់មនុស្សប្រុស ស្រីអស់ចំនួន៣២នាក់និងបង្ករបួសស្នាមចំនួន២១៥នាក់ធ្ងន់ ១១៥នាក់ទៅហើយ ជាមួយគ្នានេះយានយន្តត្រូវបានខូចខាត២១៣គ្រឿង រថយន្តមាន៧៨គ្រឿងខូចខាតធ្ងន់ធ្ងរអស់៣០គ្រឿង ទោចក្រយានយន្ត(ម៉ូតូ)១៣៥គ្រឿងខូចខាតធ្ងន់អស់៦៥គ្រឿង។ មូលហេតុដែលបង្កឡើងនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើក្នុងខេត្តព្រះសីហនុភាគច្រើនមកពីកក្តាមនុស្សស្ទើទាំងអស់(បើកបរដោយអាការះស្រវ៉ឹង ។
លោក ស្នងការ រងរូបនេះក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុក៏ដូចជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់មេត្តា គោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវដោយមានភាពទទួលខុសត្រូវក្នុងការបើកបរ និងសូមសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនធំក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុមេត្តាពិនិត្យអត្តសញ្ញាណអ្នកបើកបររថយន្តក្នុងក្រុមហ៊ុនឲ្យបានត្រឹមត្រូវផង ក្រៅពីនេះក៏សូមឲ្យមន្ទីរសាធារណះការនិងដឹកជញ្ជូន ជួយពិនិត្យស្លាកសញ្ញាគ្រប់ប្រភេទតាមដងវិថីនិងផ្លូវសំខាន់ៗក្នុងខេត្តព្រះសីហនុផង និងជួយធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជួនដល់សិស្សានុសិស្សនិងមហាជនទូទៅតាមជនបទចុងកាត់មាត់ញក ឲ្យគាត់បានជ្រួតជ្រាបផងដែរ៕