ខេត្តតាកែវ ៖ ក្រុមហ៊ុនអគ្គិសនីអ៊ូចគារងការប្ដឹងពីក្រុមហ៊ុនអគ្គិសនីអានកូ ដោយសារតែក្រុមហ៊ុនអគ្គិសនីអ៊ូចគាបានទិញបង្គោលភ្លើងពីក្រុមចោរ ដោយមិនដឹងថា ជាបង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីអានកូ។
ហេតុការណ៍ប្ដឹងនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១៩និង៣០នាទី នៅអធិការនគរបាលស្រុកព្រៃកប្បាសខេត្តតាកែវ។ របាយការណ៍អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា បង្គោលភ្លើង ១២ដើម ក្នុង១ដើម១២ម៉ែត្រត្រូវក្រុមចោរសហការជាមួយថៅកែរថយន្ដស្ទូចឈ្មោះលី គឹមឡេង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអាជីវករ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញលួចចេញពីភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល យកមកលក់ឲ្យក្រុមហ៊ុនអគ្គិសនីអ៊ូចគារដែលមានស្នាក់ការនៅភូមិផ្សារជ្រែឃុំអង្កាញ់ស ស្រុកព្រៃកប្បាស ខេត្តតាកែវ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនអគ្គិសនីអ៊ូចគារទិញបង្គោលភ្លើងខាងក្នុង១ដើម១០០ដុល្លារហើយក្រោយពេលទិញរួចក្រុមចោរបានយកលុយរត់បាត់ដោយបន្សល់ទុកនៅតែរថយន្ដ និងបង្គោលភ្លើងនៅចំណុចខាងលើ។
ប្រភពបន្ដថា ក្រោយមកក៏មានខាងតំណាងក្រុមហ៊ុនអគ្គិសនីអានកូ ឈ្មោះខៀវ សំអ៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំបានមកដាក់ពាក្យប្ដឹងនៅអធិការនគរបាលស្រុកព្រៃកប្បាសថា ក្រុមហ៊ុនអគ្គិសនីអ៊ូចគារបានលួចបង្គោលភ្លើងរបស់ខ្លួនចំនួន១២ដើម ហើយសមត្ថកិច្ចស្រុកព្រៃកប្បាសក៏បានកោះហៅអ្នកពាក់ព័ន្ធមកសាកសួរ។
ក្រោយពេលសាកសួរទើបដឹងថា ក្រុមហ៊ុនអគ្គិសនីអ៊ូចគាគឺជាអ្នករងគ្រោះ រួមជាមួយថៅកែរថយន្ដស្ទូចផងដែរ។ លោកជុំ ឈឿន អធិការស្រុកព្រៃកប្បាសបានអោយដឹងថា តាមពិតក្រុមចោរបានជួលរថយន្ដពីឈ្មោះលី គឹមឡេង ឲ្យដឹកបង្គោលភ្លើង១២ដើមខាងលើដោយអះអាងថា ដឹកយកទៅដាក់អោយក្រុមហ៊ុនអគ្គិសនីអ៊ូចគាហើយក្រុមហ៊ុនអ៊ូចគាក៏បាននិយាយថ្លៃជាមួយក្រុមចោរតាមទូរស័ព្ទដោយស្មានថា ជាម្ចាស់បង្គោលដោយថា ពេលបង្គោលភ្លើងដឹកទៅដល់គិតលុយយក។
ក្រោយមក ពេលគិតលុយអោយទៅក្រុមចោររួចរាល់ ខាងថៅកែរថយន្ដក៏ទូរស័ព្ទយកលុយពីម្ចាស់បង្គោលដែលជាក្រុមចោរ ស្រាប់តែក្រុមចោរនោះបិទទូរស័ព្ទដោយសង្ស័យទាំងក្រុមហ៊ុនអគ្គិសនីអ៊ូចគាទាំងថៅកែរថយន្ដបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅអធីការនគរបាលស្រុកព្រៃកប្បាសក្រែងថា ចាញ់បោកគេហើយភ្លាមៗនោះ ស្រាប់តែម្ចាស់បង្គោលភ្លើងពិតប្រាកដក៏មកដាក់ពាក្យប្ដឹងដែរ។
បច្ចុប្បន្នសំណុំរឿងខាងលើ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវធីច្បាប់ ៕ ជីសូរកា