មណ្ឌលគិរី៖ អភិបាលរង ខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានមាន ប្រសាសន៍ថា មណ្ឌលគិរី គឺជាខេត្តមួយ ដែលមាន ធនធាន ជីវចម្រុះ សម្បូរបែប ជាពិសេស ព្រៃឈើ និងសត្វ ស្ទើរគ្រប់ ប្រភេទ តាមការ ប៉ាន ស្មាន ទូទាំង ខេត្ត មណ្ឌលគិរី មានពពួក ថនិកសត្វជិត ១០០ប្រភេទ សត្វស្លាប ជិត៤០០ប្រភេទ និងឧរង្គ សត្វជាង ៥០ប្រភេទ។
លោកបានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំរាយការណ៍ អំពីលទ្ធផលនៃការ សិក្សាស្រាវជ្រាវជីវចម្រុះរយៈពេល ១០ឆ្នាំក្នុងតំបន់ទេសភាព ខ្ពង់រាបភាគខាងកើតប្រទេស កម្ពុជាក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្ត ដោយអង្គការWWF នៅសាលប្រជុំពេជ្រដា នាព្រឹកថ្ងៃទី ១៧ ខែកក្កដានេះ។
លោក អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងទៀតថា៖ ធនធានធម្មជាតិមិនត្រឹមតែ ជាជម្រកសត្វគ្រប់ប្រភេទនោះទេ ថែមទាំងបង្ហាញនូវទេសភាព ដ៏ល្អត្រកាលសម្រាប់ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ដែលជាផ្នែកមួយក្នុងការជូយលើកកម្ពស់ នូវជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់នេះផងដែរ ។
ក្នុងកិច្ចប្រជុំនោះ លោកបានធ្វើការវាយ តម្លៃខ្ពស់ចំពោះតំបន់ ទេសភាពខ្ពង់រាបភាគខាងកើត នៃប្រទេសកម្ពុជា ជាតំបន់មួយដ៏មានសារៈសំខាន់ ក្នុងចំណោមតំបន់អភិរក្សជីវចម្រុះ ជាង២០០លើពិភពលោក។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងថែរក្សា ការពារអភិរក្ស និងប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តភាព។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ មេត្តាបន្តចូលរួមសហការ និងគាំទ្រដល់រដ្ឋបាល ព្រៃឈើ ដើម្បីរួមចំណែកដល់ គម្រោងអភិរក្សជីវចម្រុះ នៅក្នុងតំបន់អភិរក្សសត្វព្រៃនៅ ខេត្តមណ្ឌលគិរីផងដែរ៕