អាជ្ញាធរខេត្តគ្រោងនិងបង្កើតផ្សារនៅក្រុងប៉ោយប៉ែតសម្រាប់ឱ្យអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿចូលមកលក់ទំនិញ នៅពេលថៃដាក់ឱសានវាទចុងខែមេសាឱ្យអាជីវករខ្មែរ នាំទំនិញល្មើសកម្មសិទ្ធិបញ្ញាចេញពីទឹកដីថៃឱ្យអស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់នៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ឱ្យដឹងថា អាជ្ញាធរខេត្តគ្រោងនិងកសាងផ្សារមួយនៅក្រុងប៉ោយប៉ែត ដើម្បីឱ្យអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿចូលមកលក់ទំនិញប្រកបមុខរបរនៅដីខ្មែរវិញ ក៏ប៉ុន្តែកសាងផ្សារនោះវាមិនទាន់ចេញជាផ្លែការនៅឡើយនោះទេកំពុងតែសុំគោលការណ៍ថ្នាក់ជាតិបន្ត។ ការកសាងផ្សារនៅដីខ្មែរនោះត្រូវគេមើលឃើញថាក្រោយពីសមត្ថកិច្ចថៃបានបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់របស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ហើយ ថៃគេបានដាក់ឱសានវាទនិងទុកពេលវេលាឱ្យអាជីវករខ្មែរត្រូវរើទំនិញរំលោភកម្មសិទ្ធិបញ្ញាចេញពីទឹកថៃឱ្យអស់ នៅចុងខែមេសា ឆ្នាំ២០១៦ខាងមុខនេះ បើមិនដូច្នេះទេសមត្ថកិច្ចថៃគេនិងបន្តបង្រ្កាបមិនលើកលែងទៀតនោះឡើយ។
​បើតាមប្រភពព័ត៌មានពីអាជីវករខ្មែរប្រាប់ឱ្យដឹងថា នៅពេលអាជ្ញាខ្មែររៀបចំឱ្យមានផ្សារនៅក្រុងប៉ោយប៉ែតគឺអាជីវករខ្លះគេសុខចិត្តមកលក់ទំនិញ ប្រកបមុខរបរនៅដីខ្មែរនោះ វិញ ចំណែកអាជីវករមួយចំនួនទៀតគេមិនមកលក់នៅផ្សារខ្មែរនោះទេ សុខចិត្តលក់នៅដីថៃ ក៏ប៉ុន្តែបង្វែរលក់ទំនិញមិនជាន់ស្លាកយីហោ។ ពួកគេលើកហេតុផលថាដោយសារជំពាក់ប្រាក់គេ ច្រើនរឿងថ្លៃតូបនៅក្នុងផ្សាររ៉ុងក្លឿនោះ។
​សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចថៃយ៉ាង សន្ធឹកសន្ធាប់រួមនិងតុលាការថៃផងទៀតបានចុះប្រតិបត្តិការបង្រ្កាបទំនិញល្មើសកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យអាជីវករខ្មែរមានការជ្រួលច្របល់ពេញទាំងផ្សាររ៉ុងក្លឿក្នុងប្រទេសថៃកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ ការបង្រ្កាបនៅថ្ងៃនោះបន្ទាប់មកត្រូវបានផ្អាកទៅវិញក្រោយពីមានកិច្ចសម្របសម្រួលរវាងអាជ្ញាធរកម្ពុជា និងភាគីថៃ សុំឱ្យផ្អាកបណ្តោះអាសន្ននៃការចុះបង្រ្កាបរបស់សមត្ថកិច្ចថៃរងចាំការជជែកដោះស្រាយគ្នាឡើងវិញ។
​បើតាមប្រភពព័ត៌មានពីលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រាប់ឱ្យដឹងថាក្នុងអំឡុងនៃការបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញា គឺសមត្ថកិច្ចថៃបានបង្រ្កាបនិងគាស់សោទ្វារឃ្លាំងស្តុកទំនិញសង្ស័យរំលោភកម្មសិទ្ធិបញ្ញាទាំងអាជីវករខ្មែរ និងអាជីវករថៃចំនួន៧ឃ្លាំង ក្នុងនោះឃ្លាំងអាជីវករថៃមួយឃ្លាំង។
​លោកបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ស្ថានភាពនៅក្នុងផ្សាររ៉ុងក្លឿនៅនៅថ្ងៃទី៧ ខែមីនា នេះមានភាពល្អប្រសើរឡើងវិញដោយអាជីវករខ្លះបានបើកតូបប្រកបមុខរបរ និងមានអតិថិជនចូលមកទិញជាធម្មតា។
​បើតាមប្រភពព័ត៌មានពីអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿឯណោះវិញប្រាប់ឱ្យដឹងថា ការបង្រ្កាបរបស់សមត្ថកិច្ចថៃទៅលើឃ្លាំងស្តុកទំនិញនោះគឺធ្វើឱ្យអាជីវករខ្មែររងការបាត់បង់គិតជាទឹកប្រាក់រាប់សែនដុល្លារនិងអាជីវករខ្លះប្រឈមនិងជំពាក់គេវ័ន្តក។ អំឡុងនៃការបង្រ្កាបនោះដែរសមត្ថកិច្ចថៃបានអនុវត្តលើសផែនការរបស់ខ្លួនដោយបង្រ្កាបយកទំនិញដែលមិនជាប់ពាក់ព័ន្ធនិងកម្មសិទ្ធិបញ្ញាផងនោះទៀត។
​ការបង្រ្កាបនោះដែរមិនមានអាជីវករខ្មែរណាម្នាក់រងការចាប់ខ្លួននោះទេ ហើយក៏មិន មានបញ្ហាផ្ទុះអំពើហិង្សាដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃនោះឡើយ។
​សូមរំលឹកថា ការបង្រ្កាបទំនិញរំលោភកម្មសិទ្ធបញ្ញារបស់អាជីវករខ្មែរ ពីសំណាក់សមត្ថកិច្ចថៃនៅផ្សាររ៉ុងក្លឿបានធ្វើឡើងជាលើកទី២នោះហើយក្នុងរយៈពេលជាមួយខែចុងក្រោយនេះ។ កាលបង្រ្កាបលើកទី១ ធ្វើឡើងថ្ងៃទី៣ ខែកម្ភៈ គឺមានការផ្ទុះអំពើហិង្សាដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃ បង្កខូចរថយន្តថៃ២គ្រឿង និងសមត្ថកិច្ចថៃមួយចំនួនទៀតទទួល រងបួសយ៉ាងដំណំផងដែរ។
ក្នុងអំពើហិង្សានោះក៏មានអាជីវករខ្មែរ៣នាក់រងការចាប់ខ្លួន ហើយ អាជីវករខ្មែរ២នាក់ត្រូវបានផ្តន្ទាទោសតាមផ្លូវតុលាការ និងម្នាក់ទៀតដាក់ឱ្យនៅក្រៅឃុំ ក្រោម បង់ប្រាក់ធានា៕សំ វិច្ឆិកា

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print