អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន បានអំពាវនាវដល់សហគមន៍អន្តរជាតិ មានសកម្មភាពខ្លាំងជាងនេះ ដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
នៅថ្ងៃទី១៩ខែមេសា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើដល់ សមាគមអាស៊ានត្រូវតែមានសកម្មភាពទប់ស្កាត់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយ។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជាដល់ការិយាល័យប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែធ្វើការដោយផ្ទាល់ដើម្បីទប់ស្កាត់អំពើហិង្សាដែលកាន់តែកើនខ្លាំងឡើង ។
នៅពេលនេះដែរសហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៩ខែមេសា បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ា១០រូប និងក្រុមហ៊ុនចំនួនពីរ ដែលជាប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុដល់កម្លាំងទាហាន។
នៅក្នុងសេចក្តីប្រកាសមន្ត្រីការបរទេសសហគមន៍អឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា «បុគ្គលដែលរងការដាក់ទណ្ឌកម្មគឺត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការប្រើហិង្សាបំបែកក្រុមបាតុករ»។
អំពើហិង្សាកើនឡើងខ្ពស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មរហូតមកប្រឆាំងនឹងការដឹកនាំដោយយោធា និងទាមទារឲ្យដោះលែង លោកស្រីអោងសាន ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើន ។ មកទល់ពេលនេះមានអ្នកស្លាប់ពាក់ព័ន្ធការធ្វើបាតុកម្មកើនឡើងដល់ទៅជិត៧៥០ នាក់ហើយ៕ ដោយ សាធី