កម្លាំងទាហានអាកាសរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំង ក្រុមឧទ្ទាមនៅទីក្រុង Palmyra
ភាគឦសាននៃប្រទេសស៊ីរី សម្លាប់ខ្មាន់កាំភ្លើង២០០នាក់ និងបំផ្លាញរថយន្ត២៤គ្រឿង បំពាក់កាំភ្លើងយន្ត…។
មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំនៅស៊ីរី លោក Alexander Karpov បានបញ្ជាក់ថា ក្រុមឧទ្ទាមបានបង្កើតទីតាំងក្រោមដីនៅតំបន់ភាគឦសាននៃទីក្រុង Palmyra ប្រទេសស៊ីរី ដើម្បីផលិតគ្រាប់រំសេវ។ ទាំងនោះហើយបានជារុស្ស៊ីវាយប្រហារបំផ្លាញទីតាំងរបស់ក្រុមឧទ្ទាមនៅថ្ងៃទី១៩ខែមេសា។
នៅក្នុងសន្និសីទកាសែត លោក Alexander Karpov បានលើកឡើងថា កម្លាំងទាហានរុស្ស៊ីទទួលបានព័ត៌មានស្តីពីការបង្កើតទីតាំងនៅក្រោមដីដើម្បីផលិតគ្រាប់រំសេវសម្រាប់បំពេញតម្រូវការវាយប្រហារភេរវកម្មនៅទូទាំងប្រទេសស៊ីរី។
លោក Alexander Karpov បានបញ្ជាក់ថា ក្រោយពេលកំណត់បានទីតាំងក្រោមដីរបស់ក្រុមភេរវកម្មរួចមក កម្លាំងទាហានអាកាសរុស្ស៊ីក៏បានបើកការវាយប្រហារជាទ្រង់ទ្រាយធំបំផ្លាញទីតាំងទាំងនោះ។ លទ្ធផលនៃការវាយប្រហារនោះ គឺរុស្ស៊ីបានបំផ្លាញរូងក្រោមដីពីរកន្លែង សម្លាប់ខ្មាន់កាំភ្លើង២០០នាក់ និងបំផ្លាញរថយន្តដឹកកាំភ្លើងយន្ត២៤គ្រឿង
តាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី ក្រុមភេរវកម្មបានឡើងគម្រោងវាយប្រហារភេរវកម្មទៅលើទីតាំងនានារបស់រដ្ឋាភិបាលស៊ីរី ។ ក្រុមភេរវកម្មមានគម្រោងបង្កអសន្តិសុខ ក្នុងពេលបោះឆ្នោតប្រធានាធិបតី ស៊ីរី នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១៕ ដោយ សាធី