ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតទេ។
ក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង (ដូចជា អង្ករ មី ត្រីខ កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតដែលចាំបាច់) ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ។
ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងលំបាកក្នុងជីវភាព អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់។
សូមមេត្តាអធ្យាស្រ័យ និងយោគយល់ចំពោះការលំបាក និងការរំខាននានា ក្នុងរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ដើម្បីយើងរួមគ្នាជួយដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនយើង!
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៍ ធ្លាប់លើកឡើងថា, គណៈប្រតិបត្តិនៃគ.ប.ខ. បានសម្រេចកំណត់តំបន់មួយចំនួន ក្នុងភូមិសាស្ដ្រមួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»!
បុគ្គលគ្រប់រូបត្រូវបានហាមចេញពីផ្ទះដាច់ខាត លើកលែងតែមានតម្រូវការសេវាសុខាភិបាលតែប៉ុណ្ណោះដែលរួមមាន
១.បញ្ហាសុខភាពបន្ទាន់
២.ទៅផ្តល់សំណាក និង
៣.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហម
ផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់ លើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋ និងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាល និងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ក្រហមតែប៉ុណ្ណោះ ដោយមានឯកសារបញ្ជាក់ច្បាស់លាស់ និងមានការអនុញ្ញាតពីអាជ្ញាធរតែជាចាំបាច់!
ក្នុងករណីមានការបំពានវិធានការនេះ នឹងទទួលរងនូវការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត!
ដោយ, សុខ ខេមរា