ក្រុមអុីស្លាមជ្រុលនិយមនៅក្នុងប្រទេសប៉ាគីស្ថានបានដាក់គំនាបទៅលើរដ្ឋាភិបាលប្រទេសនេះ ក្នុងនោះក៏មានរដ្ឋសភាផងដែរឲ្យបោះឆ្នោតបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេសនេះដើម្បីជាការសងសឹកដល់ទស្សនាវដ្តី Charlie Hebdo ដែលនៅតែបង្ហោះរូបត្លុកព្រះ Mohammed។
ក្រុមអ៊ិស្លាម Tehrik-i-Labaik បានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានត្រូវតែមានវិធានការតបតនឹងទស្សនាវដ្តី Charlie Hebdo ដែលបន្តផ្សព្វផ្សាយរូបត្លុក Mohammed ។ នៅថ្ងៃទី ២០ ខែមេសានេះ រដ្ឋាភិបាលបានស្នើឲ្យបោះឆ្នោតនៅក្នុងរដ្ឋសភាតើត្រូវបណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេសដែរឬទេ។
កាលពីថ្ងៃទី១៩ខែមេសា ក្រុម Tehrik-i-Labaik និងក្រុមផ្សេងទៀត បានពិភាក្សាគ្នាជាមួយរដ្ឋាភិបាល ហើយក៏បានសម្រេចដោះលែងកម្លាំងប៉ូលិស១១រូប ដែលក្រុម Tehrik-i-Labaikបានចាប់ខ្លួន នៅភាគខាងកើតទីក្រុង Lahore ។ ទន្ទឹមនឹងនោះក្រុម Tehrik-i-Labaik បានស្នើឲ្យរដ្ឋាភិបាលត្រូវបណ្តេញអគ្គរដ្ឋទូតបារាំងចេញ យ៉ាងយូរបំផុតនៅថ្ងៃទី ២០ ខែមេសានេះ។
បណ្តេញឯកអគ្គរដ្ឋទូតបារាំង គឺជា សំណើមួយក្នុងចំណោម៤ដែលក្រុម Tehrik-i-Labaik បានដាក់ចេញចំពោះរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រុមនេះជាច្រើនរូប ។ ជាមួយគ្នានេះក្រុមអុីស្លាមបានស្នើឲ្យដកដំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅពេលនេះដែរ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានព្រមានថា ប៉ាគីស្ថាននឹងត្រូវប្រឈមបញ្ហាជាច្រើន ប្រសិនបើបណ្តេញឯកអគ្គរដ្ឋទូតបារាំង ដោយសារតែទំនិញពាក់កណ្តាលរបស់ប៉ាគីស្ថានគឺនាំចេញទៅកាន់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប៕ ដោយ៖ធីរីណា