បុរសម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់ទៀត ដោយសារបើករុឺម៉កគេចទឹកនៅលើផ្លូវ ជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និង ៤នាក់ទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូសណ្ដោងរុឺម៉ក ក្នុងល្បឿនលឿនគេចទឹកនៅលើផ្លូវ ជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង ៤០នាទីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ 6A ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់រួមទាំងអ្នកដំណើរ ៤នាក់ទៀត បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1BH-5412 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6A ទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ ដោយសារជិះគេចទឹកដែលដក់នៅលើផ្លូវស្រាប់តែជ្រុលល្បឿនរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើក និង អ្នករួមដំណើ ខ្ទាតចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក រហូតបុរសម្នាក់ដួលបោកក្បាលស្លាប់ម្នាក់ និង ៤នាក់ទៀតរងរបួសធ្ងន់ស្រាលបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះ ដើម្បីដឹកសាកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួល៕

...

ដោយ៖  រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print