មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ ទោះបីក្រុមហ៊ុន KrisEnergy ជួបបញ្ហាបំណុល​ក្ដី ប៉ុន្តែ​ដំណើរការបូមប្រេងរបស់ក្រុមហ៊ុន ក្នុងប្លុក A កំពុងដំណើរការជាធម្មតា

ចែករំលែក៖

ភ្នំពេញ​៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ​ បានថ្លែង​ឲ្យ​ដឹង​ថា ដំណើរការបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅក្នុងប្លុក A នូវបន្ដដំណើរការជាធម្មតា បេីទោះបីជាក្រុមហ៊ុននេះជួបញ្ហាបំណុលក្តី។

​លោក ជៀប សួរ​ បន្តថា អាជ្ញាធរមិនទាន់បានរបាយការណ៍ណាមួយ ពីក្រុមហ៊ុន KrisEnergy ជុំវិញបញ្ហាបំណុលនេះនៅឡើយ ហើយអាជ្ញាធរនៅតែតម្រូវឲ្យក្រុមហ៊ុន ធ្វើទៅតាមកិច្ចព្រមព្រៀង។​ បន្ថែម​ពីនេះ​លោក​ គូសបញ្ជាក់ថា «យើងរង់ចាំមើលការជូនដំណឹង ពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះ អ្វីដែលក្រុមហ៊ុនត្រូវបំពេញយើងនឹងទារ ឲ្យគាត់ផ្តល់ឲ្យតាមកិច្ចព្រមព្រៀង»។

លោកអគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា «ដំណើរការបូមប្រេង របស់ក្រុមហ៊ុន KrisEnergy ប្លុក A ក្នុងខេត្តព្រះសីហនុ នៅតែបន្ដដំណើរការធម្មតា។ ទាក់ទងរឿងកំណែទម្រង់រចនាសម្ព័ន្ធបំណុលរបស់ក្រុមហ៊ុន យើងគ្រាន់តែឃើញព័ត៌មានផ្សព្វផ្សាយ ប៉ុន្ដែទាក់ទងនឹងគម្រោងជាក់ស្ដែង ក្រុមហ៊ុន KrisEnergy នៅតែបំពេញការងារជាធម្មតា ដំណើរការធម្មតានៅឡើយ»។

លេីសពីនេះ​ លោកអគ្គនាយក បានសង្កត់ធ្ងន់ថា​ អណ្តូងចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញ ប៉ុន្តែបិរមាណដែលទទួលបាន គឺមិនដូចការរំពឹងទុក។ ការរំពឹងទុកអណ្តូងទាំង ៥ នេះរំពឹងថា ទទួលបានប្រេងឆៅក្នុងបិរមាណ៧៥០០បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែងបានត្រឹមតែជាង ២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា។ ហេីយ​នេះសមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណែក​ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print