នៅថ្ងៃទី២៤ ខែមេសា ថៃរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ២៨៣៩នាក់ គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងរលកកូវីដ-១៩ ជាលើកទី៣ ក្នុងប្រទេសនេះ។
សារព័ត៌មាន Channel News Asia បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកើនឡើងដល់ទៅ៥៣.០២២នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ថៃមានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៨នាក់បន្ថែមទៀត ធ្វើឲ្យអ្នកស្លាប់សរុបកើនឡើងដល់ទៅ១២៩នាក់ហើយ គិតចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅដើមឆ្នាំ២០២០មក ។
កាលពីដើមសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានឲ្យដឹងថា ថៃរង់ចាំទិញវ៉ាក់សាំងពី៥ទៅ១០លានដូសពីក្រុមហ៊ុន Plizer-BioNtech ។ លោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសថៃនឹងទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបាន១០០លានដូស ដែលអាចចាក់ជូនប្រជាជនបាន៥០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១ ខណៈរដ្ឋាភិបាលចិនតាមរយៈលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ក៏បានសន្យាបរិច្ចាគវ៉ាក់សាំង ៥០០,០០០ដូសដល់ប្រទេសថៃផងដែរ។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសថៃទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រមាណ ២.១លានដូសរួចទៅហើយ ដែលអាចចាក់ជូនប្រជាជន ១.០៥លាននាក់ ខណៈវ៉ាក់សាំងខ្ទង១លានដូសហើយត្រូវបានចាក់ជូនប្រជាជន ស្ថិតនៅតំបន់ប្រឈមមួយចំនួន ហើយពាក់កណ្តាលនៃចំនួនអ្នកដែលបានចាក់វ៉ាក់សាំង គឺជាបុគ្គលិកសុខាភិបាលជួរមុខ និងក្រុមអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹង COVID-19។
សម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ រាប់សិបលានដូសទៀតដែលស្ថិតនៅក្នុងផែនការខាងលើប្រទេសថៃគ្រោងនឹងបញ្ជាទិញពីក្រុមហ៊ុនរុស្ស៊ី និងសហរដ្ឋអាមេរិក។ ថៃគ្រោងទិញវ៉ាក់សាំងវ៉ាក់សាំង Sputnik V របស់រុស្ស៊ីប្រមាណពី ៥-១០លានដូស និង Pfizer របស់សហរដ្ឋអាមេរិកប្រមាណពី ១០-១៥លានដូស។ បន្ថែមពីនេះ ថៃបានបង្កើនផែនការទិញថ្នាំរាប់លានគ្រាប់ទុកបម្រុងដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងគ្រែពេទ្យរាប់ម៉ឺនគ្រឿងផងដែរ ឆ្លើយតបនឹងកំណើនអ្នកឆ្លង៕ ដោយ សាធី
រូបភាព៖ nId