ខេត្តបាត់ដំបង, សមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ទៀតហើយ ក្រុមក្មេងស្ទាក់ផ្លូវគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ អត់ញញើតច្បាប់ ហើយបង្កការរំខានដល់អ្នកដទៃ ។
មានបក្ខពួកក្រុមស្ទាក់គប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់ម្នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ មេសា នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ។ នេះបើ
តាមកាកាឱ្យដឹងពីលោកផង់ សុភាព អធិការនគរបាលស្រុកថ្មគោល។
លោកផង់ សុភាព បានប្រាប់ថា ជនសង្ស័យឈ្មោះ សុខ សម្ផស្ស ហៅវស្ស ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល។ លោកថា ជននេះត្រូវបានកម្លាំងមូលដ្ឋានដែលមានកិច្ចសហការពីកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលផង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ដោយយោងតាមដីកាបញបញ្ជាឱ្យចូលខ្លួន លេខ១១អ.យ ចុះថ្ងៃទី២៣ មេសា ឆ្នាំ២០២១ ដោយលោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្ត។
លោកអធិការបានបញ្ជាក់ថា ជននេះគឺជាបក្សពួកក្រុមស្ទាក់គប់កញ្ចក់រថយន្តអ្នកដំណើរ ដែលសមត្ថកិច្ចចាប់បានប៉ុន្មាននាក់កន្លងទៅនេះ។ បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការ លោក គឺ ប៉ុណ្ណារ៉ា ជនឈ្មោះ សុខ សម្ផស្ស ហៅ វស្ស នេះ ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា» (គប់កញ្ចក់រថយន្ត) ដែលបានប្រព្រឹត្តជាមួយបក្សពួកប៉ុន្មាននាក់ទៀត កាលពីប៉ុន្មានសប្ដាហ៍មុន នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបង និងស្រុកថ្មគោល ។
លោក ផង់ សុភាព បានបញ្ជាក់ថា បក្សពួកជននេះ ត្រូវបានឃាត់ខ្លួនបញ្ជូនដាក់ពន្ធធនាគារអស់ប៉ុន្មាននាក់ហើយ តែនៅសេសសល់ប៉ុន្មាននាក់ទៀត កម្លាំងជំនាញកំពុងតាមប្រមាញ់បន្ត។
តាមពិតក្រុមក្មេងស្ទាវទាំងអស់គ្នា ភាគច្រើនមានសារធាតុញៀន តែងតែបង្កបញ្ហានៅតាមមូលដ្ឋាន និងធ្វើសកម្មភាពផ្សេងៗ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ដូច្នេះចំពោះចំណាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាតុលាការ បានឃាត់ខ្លួនក្រុមក្មេងស្ទាវខាងលើនេះ បញ្ជូនទៅដាក់ពន្ធនាគារ គឺជាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម មិនអាចធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចតទៅទៀត៕
ដោយ, សិលា