អ្នកមាននៅឥណ្ឌាជួលយន្តហោះគេចចេញពីការឆ្លងកូវីដ ១៩

ចែករំលែក៖

ក្រុមអ្នកមាននៅឥណ្ឌា បានចំណាយប្រាក់ជាច្រើនដើម្បីជួលយន្តហោះឯកជន ហោះហើរចេញពីតំបន់ដែលមានការរាត់ត្បាតកូវីដ ១៩ ច្រើននៅក្នុងប្រទេស ទៅកាន់ប្រទេសអារ៉ាប់រួមនិងប្រទេសផ្សេងទៀតដែលមិនមានការឆ្លងកូវីដ១៩ ច្រើន។
តាមសារព័ត៌មាន London Times បានផ្សាយថា មានយន្តហោះឯកជនដល់ទៅ៨គ្រឿង ត្រូវបានក្រុមអ្នកមាននៅឥណ្ឌា ជួលហោះហើរទៅកាន់ទីក្រុងឡុងដុងប្រទេសអង់គ្លេសនៅថ្ងៃទី ២៣ខែមេសា មុនពេលច្បាប់ហាមប្រាម ហោះហើរចេញចូលប្រទេសឥណ្ឌាចូលជាធរមាន។ អង់គ្លេសបានដាក់ប្រទេសឥណ្ឌាក្នុងបញ្ជីក្រហមហាមការហោះហើរចេញចូលអង់គ្លេស។
ក្រៅពីទៅកាន់ប្រទេសអង់គ្លេស យន្តហោះ ដឹកអ្នកមានឥណ្ឌាជាច្រើនក៏បានទៅកាន់ទីក្រុងឌូបៃប្រទេស អារ៉ាប់រួមផងដែរ។
ចំនួនអ្នកឆ្លងកូវីដ ១៩នៅឥណ្ឌាកើនឡើងខ្ពស់គួឲ្យបារម្ភបំផុត ដោយក្នុងរយៈពេល៤ថ្ងៃជាប់គ្នាមានករណីឆ្លងលើសពី៣សែននាក់ក្នុងមួយថ្ងៃៗ។ នៅថ្ងៃអាទិត្យនេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៣៤៩,៦៩១នាក់ និង២,៧៦៧នាក់បានស្លាប់ ក្នុងរយៈពេល២៤ម៉ោង ។
នៅពេលនេះដែរ សហរដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះករណីឆ្លង COVID-19 យ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា ហើយបានត្រៀមខ្លួនជានិច្ចក្នុងការ ផ្ដល់ការគាំទ្រ ឬជំនួយបន្ថែមដល់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលឥណ្ឌា។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យសេតវិមានម្នាក់បានបញ្ជាក់ថា «យើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាយ៉ាងសកម្មកម្រិតខ្ពស់ និងមានផែនការផ្ដល់ការគាំទ្របន្ថែមភ្លាមៗដល់រដ្ឋាភិបាលឥណ្ឌា និងបុគ្គលិកសុខាភិបាលរបស់ពួកគេដែលកំពុងតស៊ូប្រយុទ្ធប្រឆាំង COVID-19 ដែលមានសភាពកាន់តែ ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ»៕ដោយ៖ធីរីណា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print