ឥណ្ឌា​​៖​ ជំនួយសម្ភារវេជ្ជសាស្រ្ត និងអុកស៊ីសែនរបស់អង់គ្លេស​ បានទៅដល់ឥណ្ឌាហើយថ្ងៃនេះ;​ ខណៈ​ថ្ងៃទី១ ឧសភា វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក៏នឹងទៅដល់ឥណ្ឌាដែរ

ចែករំលែក៖

អន្តរជាតិ​៖​ អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេសលោក Arindam Bagchi ដែលបង្ហោះរូបថតសរសេរលើ Twitter ថា កិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងដំណើរការ​ ម៉ាស៊ីនជំនួយការដកដង្ហើម និងឧបករណ៍ផលិតអុកស៊ីសែនដែលជាជំនួយរបស់អង់គ្លេស ត្រូវបានផ្ទេរចេញពីយន្តហោះនៅព្រលានយន្តហោះទីក្រុងញូវដែលី​ នៅថ្ងៃទី២៧ ខែមេសា​ ឆ្នាំ​២០២១នេះ។

ជាក់ស្ដែង​ជំនួយសម្ភារវេជ្ជសាស្រ្ត និងអុកស៊ីសែនរបស់អង់គ្លេស បានទៅដល់ឥណ្ឌាហើយ​ នៅថ្ងៃទី២៧ ខែ មេសានេះ​ ដើម្បីជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ នេះជាជំនួយបរទេសដំបូងគេដែលទៅ ដល់ឥណ្ឌា ខណៈប្រទេសជាច្រើនទៀត កំពុងរៀបចំជំនួយរបស់ខ្លួនផងដែរ។​ ដោយឡែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រុស្ស៊ី Sputnik V ក៏នឹងទៅដល់ឥណ្ឌា​ នៅថ្ងៃទី១ ខែឧសភាខាងមុខនេះដែរ។

បេីយោង​តាមការបញ្ជាក់ពី​នាយកមូលនិធិវិនិយោគផ្ទាល់ដែលអភិវឌ្ឍវ៉ាក់សាំង Sputnik V លោក Kirill Dmitriev បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ វ៉ាក់សាំងជំហានដំបូងនឹងដឹកទៅដល់ឥណ្ឌានៅថ្ងៃទី១ ខែឧសភា ប៉ុន្តែមិនបញ្ជាក់ចំនួនឡើយ។ លោក លោក Kirill Dmitriev ក៏សង្ឃឹមថា ការផ្គត់ផ្គង់វ៉ាក់សាំងរបស់រុស្ស៊ី នឹងអាចជួយឥណ្ឌា ឱ្យរកឃើញផ្លូវចេញពីការរីករាលដាលជំងឺកូវីដ-១៩ នេះបានទាន់ពេលវេលា។

សូមជម្រាបថា​ មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរោងចក្របរទេសជាច្រើន ដើម្បីផលិតវ៉ាក់សាំង Sputnik V​ នេះ។ ខណៈ​មូលនិធិនេះ បានចុះកិច្ចព្រមព្រៀងជាមួយរោងចក្រផលិតវ៉ាក់សាំង ឈានមុខ គេរបស់ឥណ្ឌាចំនួន៥រួចមកហើយ ដើម្បីផលិតវ៉ាក់សាំងឱ្យបានជាង៨៥០លានដូសក្នុង មួយឆ្នាំ។

ទាក់ទិននឹងបញ្ហានេះដែរ​ក្រុមហ៊ុនឱសថ Pharmasyntez របស់រុស្ស៊ី នៅថ្ងៃទី២៦ ខែមេសា បានអះអាងថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការដឹកជញ្ជូនឱសថព្យាបាលកូវីដ-១៩ Remdesivir ជិត១លានដូស ទៅឥណ្ឌានៅចុងខែឧសភា នៅពេលបានទទួលការយល់ព្រមពីរដ្ឋាភិបាលរុស្ស៊ី។​ បន្ថែមពីនេះ​ ក្រៅពីអង់គ្លេស និងរុស្ស៊ី ប្រទេសជាច្រើនទៀតមានអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ក៏សន្យាផ្ដល់ ជំនួយបន្ទាន់ទៅកាន់ឥណ្ឌា ដែលកំពុងរងគ្រោះខ្លាំងដោយរលកថ្មីនៃជំងឺកូវីដ-១៩ ។

ដោយឡែក​ ប្រធានាធិបតី អាមេរិក ចូ បៃឌិន ក៏បានប្រកាសថា អាមេរិកនឹងផ្ដល់ជំនួយវ៉ាក់សាំងរបស់ AstraZeneca ចំនួន៦០លាន ដូសទៅឱ្យប្រទេសនានា។ ក្នុង​នោះឥណ្ឌា ទំនងជាអ្នកទទួលមួយផងដែរ ខណៈលោក បៃឌិន ទើបជជែកតាម ទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី នារិន្រ្ទា មូឌី ។

ទន្ទឹមនឹង​នេះ​ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានហៅស្ថានការណ៍នៅឥណ្ឌាថា ហួសពីការខកចិត្តទៅទៀត។ ខណៈដែល​អង្គការសុខភាពពិភពលោក (WHO) ក៏គ្រោងបញ្ជូនសម្ភារសុខាភិបាល រួមទាំង ឧបករណ៍ផលិតអុកស៊ីសែនសម្រាប់អ្នកជំងឺផងដែរ៕ដោយ​៖ស​ តារា​

រូបភាព​៖Reuters

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print