លោក ឃួង ស្រេង ប្រជុំដាក់វិធានការ ដើម្បីកំណត់ការចេញចូលនិងគ្រប់គ្រងនៅតំបន់ពណ៌ទាំង៣មានក្រហម លឿងទុំនិងលឿងនៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយលើការកំណត់ការចេញ-ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។
ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃ គ ប ខ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈ video conferenceនេះឡើង គឺក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់ ពីតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿង ងាយស្រួលគ្រប់គ្រងនិងអនុវត្តការងារទៅតាមសេចក្តីសម្រេច លេខ៥៤ ស ស រ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឱ្យបានល្អថែមទៀត។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរទាំងអស់ អនុវត្តការងារខាងលើនេះកុំឱ្យលើសនិងកុំឱ្យខ្វះ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៥៤ សសរ របស់រាជរដ្ឋាភិបាលនេះទទួលបានជោគជ័យ។
ជាមួយគ្នានោះលោក កើត រិទ្ធ បានប្រសាសន៍ពាក់ព័ន្ធនិឹងការងារនេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយយើងបានប្រជុំនិងសម្រេចរួចហើយ ដើម្បីពង្រីងការងារលើការបន្តការបិទខ្ទប់ក្រុងតាខ្មៅ បន្តទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី២៨ មេសានេះ យើងបានប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference បន្តទៀត ដើម្បីកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅរាជធានីភ្នំពេញ ។
លោក កើត រិទ្ធ បន្ថែមថា យើងមានគោលដៅ២ដែលត្រូវអនុវត្ត ទី១-គឺ ស្វែងយល់ឱ្យបានច្បាស់លាស់បន្ថែមពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្តឱ្យចំគោលដៅ មិនលើស មិនខ្វះនិងទទួលបានជោគជ័យ។ ទី២-គឺការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ពីអ្វីដែលពួកគាត់ត្រូវអនុវត្ត អ្វីដែលពួកគាត់គួរធ្វើនិងមិនគួរធ្វើ លើតំបន់៣ពណ៌ដែលបានកំណត់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។
លោក កើត រិទ្ធ ក្នុងឱកាសនោះក៏បានសម្តែងការកោតសរសើរចំពោះកងកម្លាំងនិងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ ឃើញថា កម្លាំងនិងអាជ្ញាធរបានប្រឹងប្រែងខ្លាំងណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលបានធ្វើឱ្យការងារនេះដំណើរការទៅដោយរលូននិងជោគជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print