ភ្នំពេញ, នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) និងសហការីបានអញ្ជើញជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា, ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.), នៅព្រឹកថ្ងៃពុធ ២ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) បានជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលជាអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ តាមប្រព័ន្ធ Zoom។
កិច្ចប្រជុំនេះធ្វើទ្បើង រយៈពេលពេញមួយព្រឹក ដើម្បីត្រៀមលក្ខណៈពង្រឹងការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេលមួយសប្តាហ៍បន្តទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។ ផ្អែកតាមសេចក្តីសម្រេចលេខ ៥៤ សសរ នេះ តំបន់បិទខ្ទប់ត្រូវបានកំណត់ជាតំបន់ចំនួន ៣ គឺ “តំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង”៕
ដោយ, សិលា