ភ្នំពេញ, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ សម រង្ស៊ី ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា, ឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ កើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ សាសនាព្រះពុទ្ធ ទីលំនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ សម សារី “ស្លាប់” ម្តាយឈ្មោះ អ៊ុន អេម “ស្លាប់” ប្រពន្ធឈ្មោះ ជូឡុង សូមូរា៉”រស់” មានកូន ៣ នាក់ ។ (គេចខ្លួន)
ត្រូវចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិផ្ដន្ទាទោស តាមមាត្រា ១១ នៃច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង តាមមាត ៤៨៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
យល់ឃើញថា
-បទល្មើសដែលចោទប្រកាន់ ជាបទដែលគម្រូវឱ្យផ្តន្ទាទោសដាក់ពន្ធនាគារ ។ ជនត្រូវចោទកំពុងស្ថិតនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
-ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ ជៀសវាងការរឹងទទឹងមិនចូលខ្លួនមកទទួលខុសត្រូវព្រហ្មទណ្ឌ ។
-តាមយោបល់របស់តំណាងអយ្យការ ឯកភាពចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតាមនីតិវិធី ។ ហេតុដូច្នេះ ១ -ឱ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ “សាវតាជាតិខាងលើ”។
២-បញ្ជាដល់កម្លាំងសាធារណះ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
៣-បញ្ជាដល់ប្រធានពន្ធនាគារ មណ្ឌលឃុំខ្លួន នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឱ្យទទួលយក និងឃុំខ្លួនបុគ្គលនេះ នឹងត្រូវនាំទៅបង្ហាញនៅចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត៕
ដោយ, សុខ ខេមរា