មីយ៉ាន់ម៉ា​៖​ ​បេីក​ការវាយប្រហារ​ដោយរ៉ុក្កែត​ លើ​មូលដ្ឋានទ័ពអាកាស​ ២កន្លែងរបស់យោធាមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១​នេះ​ បានដកស្រង់ប្រភពពីកងទ័ពយោធាមីយ៉ាន់ម៉ា​ បានទទួលស្គាល់ថា មានករណីក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានទ័ពអាកាសចំនួន​ ០២កន្លែង នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែក្នុងការវាយប្រហារនេះ​ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែខូចខាតទីតាំងបន្តិចបន្តួច។

ទីភ្នាក់ងារព័ត៌មាន Reuters បន្ថែម​ទៀត​ថា​ ក្នុងការវាយប្រហារលេីកដំបូង គ្រាប់រ៉ុក្កែតចំនួន០៤គ្រាប់ ត្រូវបានបាញ់សំដៅទៅរកមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅជាយទីក្រុង Magway ដែលស្ថិតនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នាវេលាទាបភ្លឺ។ ខណៈរ៉ុក្កែតចំនួន​ ០៣គ្រាប់ បានធ្លាក់ទៅចំដីស្រែ និង០១គ្រាប់ទៀត បានធ្លាក់ទៅចំផ្លូវ។ ប៉ុន្តែ​យ៉ាងណាមិញ អគារមួយខ្នងនៅមូលដ្ឋានយោធានោះ បានរងការខូចខាតបន្តិចបន្តួច តែគ្មានអ្នករងរបួសនោះទេ។

ប្រភពដដែល​ បន្តថា​ ក្រោយមកក៏មានការបាញ់រ៉ុក្កែតចំនួន០៥គ្រាប់ទៀត សំដៅទៅរកមូលដ្ឋានទ័ពអាកាសសំខាន់មួយរបស់យោធាមីយ៉ាន់ម៉ា ដែលស្ថិតនៅទីក្រុង Meiktila ភាគឦសាន្តនៃទីក្រុង Magway។ ប៉ុន្តែការបាញ់គ្រាប់រ៉ុក្កែតទាំងអស់នោះ ក៏មិនបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬមួយក៏ការខូចខាតអ្វីដែរ។

ទាក់ទិននឹងករណីខាងលេីនេះ​ យោធាមីយ៉ាន់ម៉ា​ មិនទាន់ឃើញមានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះសកម្មភាពវាយប្រហារផ្ទូនៗគ្នានេះ នៅឡើយទេ។

សូមជម្រាបថា​ ចាប់តាំងពីរបបសឹកយោធា​ បានឡើងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែកុម្ភៈមកនេះ​ ការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសជាច្រើនលើក នៅតាមតំបន់ព្រំដែន ភាគភាគខាងជើង​ និងភាគខាងកើតប្រទេសផងដែរ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កងពលតូចទី៥ របស់សម្ព័នជាតិការ៉ែន (KNU) បានបើកការវាយប្រហារ និងវាយឆ្មក់លើមូលដ្ឋានកងទ័ពមួយនៅតាមបណ្តោយទន្លេ Salween ដែលកំណត់ព្រំដែនរវាងថៃ និងភូមា ហើយយោធាក៏បានសងសឹកវិញ ដោយបានបើកការវាយប្រហារតាមអាកាស​ រយៈពេល​ថ្ងៃទីពីរជាប់ៗគ្នា ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម៕ដោយ​៖ស​ តារា

...

ប្រភពពី​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print