រដ្ឋាភិបាលអាមេរិកបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសឥណ្ឌាកាន់តែឆាប់កាន់តែល្អ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសនេះកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
សារព័ត៌មាន Bloomberg បានដកស្រង់ការប្រកាសពីក្រសួងការបរទេសអាមេរិក ដែលបានអំពាវនាវឲ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសឥណ្ឌាឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរផ្ទាល់១៤ជើងទៅកាន់ឥណ្ឌានិងអាមេរិក និងជើងហោះហើរជាច្រើនផ្សេងទៀត ទៅកាន់អឺរ៉ុប។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «សេវាកម្មសុខាភិបាលឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ពលរដ្ឋអាមេរិកគួរតែចាកចេញពីឥណ្ឌាតាមជើងហោះហើរដែលមានស្រាប់ មកកាន់អាមេរិក ទីក្រុងប៉ារីស និង ហ្វ្រាំងហ្វឺត»។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសឥណ្ឌាសរុប ៣៧៩,២៥៧នាក់ទៀតត្រូវបានរាយការណ៍ (ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត) ខណៈអ្នកជំងឺរហូតដល់ ៣,៦៤៥នាក់បានស្លាប់ (ក៏ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតផងដែរ)។ ពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ ២០៤,៨៣២នាក់, ជាង១៥លាននាក់ជាសះស្បើយឡើងវិញ និងជាង ៣លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។
ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ គួរឲ្យបារម្ភបំផុត ប្រទេសនៅជិតខាងបានសម្រេចបិទព្រំដែន ជាមួយឥណ្ឌា ក៏ដូចជាផ្អាកការហោះហើរចេញចូលទឹកដីឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ៕ ដោយ សាធី
រូបភាព៖ Reuters