បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអុីតាលី Roma ក្នុងលទ្ធផល ៦ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសានេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្នុងជើងទី១។ ចំណែកក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្នុងការប្រកួតជើងទី១នេះដែរ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះមកពីអេស្ប៉ាញ Villarreal ២ទល់១។

ក្រុមបិសាចក្រហមបានគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ Roma ក្នុងការប្រកួតជើងទី១នេះ ដោយមានឱកាសស៊ុតចំគោលដៅបានច្រើនជាងផងដែរ។ នៅតង់ទី១ នាទីទី៨ ខ្សែបម្រើប្រយុទ្ធ Bruno Fernandes មានឱកាសរកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ ប៉ុន្តែត្រូវក្រុម Roma តាមស្មើវិញដោយកីឡាករ Pellegrini នៅនាទីទី១៥ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ដោយសារបាល់ប៉ះដៃកីឡាករ Pogba នៅក្នុងប្រអប់គ្រោះថ្នាក់។ មិនយូរប៉ុន្មានខ្សែប្រយុទ្ធវ័យជ្រេរបស់ Roma កីឡាករ Dzeko រកបាន១គ្រាប់នាំមុខវិញនៅនាទីទី៣៣ ដែលធ្វើឲ្យការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវនាំមុខក្នុងលទ្ធផល២ទល់១ ទៅលើក្រុមម្ចាស់ផ្ទះ Man United ។

ចូលដល់ការប្រកួតតង់ទី២ កីឡាករក្រុមបិសាចក្រហមហាក់ដូចជាលេងបានល្អជាងគូប្រកួតដោយមានឱកាសរកបាន៥គ្រាប់បន្ថែមទៀតគឺនៅនាទីទី៤៨ និងនាទីទី៦៤ ដោយខ្សែប្រយុទ្ធ Cavani ម្នាក់ឯង និងនាទីទី៧១ ដោយសារបាល់ប៉េណាល់ទី១១ម៉ែត្ររបស់កីឡាករ Bruno Fernandes ។

ចំណែក២គ្រាប់របស់ក្រុម Man United បន្ថែមទៀតរកបានដោយកីឡាករ Pogba ដោយការតែតបញ្ចូលទីនៅនាទីទី៧៥ និង១គ្រាប់ទៀតដែលជាគ្រាប់បាល់ទី៦រកបានដោយកីឡាករ Greenwood នៅនាទីទី៨៦ ជិតចប់ការប្រកួត ក្រោយពីកីឡាកររូបនេះបានផ្លាស់ប្តូរជំនួសកីឡាករ Rashford ។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមទទួលបានលទ្ធផលល្អសម្រាប់ជើងទី១ និងជាក្តីសង្ឃឹមសម្រាប់ជើងទី២ ក្នុងទឹកដី Roma ដោយមានគ្រាប់បាល់ចំណេញច្រើន ហើយបើសិនជាការប្រកួតជើងទី២ លទ្ធផលស្មើគ្នានោះគឺក្រុម Man United មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ដោយឡែកក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្រុមម្ចាស់ផ្ទះ Villarreal ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតជើងទី១ ក្របខ័ណ្ឌ Europa Leagueនេះដែរ ដោយ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបាននៅតង់ទី១ទាំង២គ្រាប់។ គ្រាប់ទី១រកបានដោយកីឡាករ Manu Trigueros នៅនាទីទី៥ និងគ្រាប់ទី២រកបានដោយកីឡាករ​ Albiol នៅនាទីទី២៩។

ចំណែកក្រុមភ្ញៀវ Arsenal រកបាន១គ្រាប់នៅនាទីទី៧៣ ដោយកីឡាករ Pepe ដោយសារគ្រាប់បាល់ប៉េណាល់ទី១១ម៉ែត្រ ក្រោយពីអាជ្ញាកណ្តាលពិន័យកីឡាកររបស់ក្រុម Villarreal ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់។ ជាមួយគ្នានេះទាំងក្រុម Villarreal និងក្រុម Arsenal ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមម្នាក់១ផងដែរ ដោយក្រុមម្ចាស់ផ្ទះ Villarreal ទទួលបានកាតក្រហមដោយកីឡាករ Capoue នៅនាទីទី៨០ និងក្រុមភ្ញៀវ Arsenal ទទួលបានកាតក្រហមម្នាក់ដែរគឺកីឡាករ DaniCaballos នៅនាទីទី៥៧។

លទ្ធផលនេះជាក្តីសង្ឃឹមរបស់ក្រុម Villarreal សម្រាប់ការប្រកួតជើងទី២ និងជាក្តីបារម្ភរបស់ក្រុមកាំភ្លើងធំ Arsenal ផងដែរដោយ ក្រុម Arsenal ចាំបាច់ត្រូវតែយកឈ្នះ Villarreal ក្នុងជើងទី២ឲ្យបាន ដើម្បីមានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រ ។

សម្រាប់ការប្រកួតជើងទី២ក្របខ័ណ្ឌ Europa League នឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ខាងមុខ ដើម្បីស្វែងរកក្រុមដែលមានគ្រាប់បាល់ចំណេញក្រៅទឹកដីច្រើនជាងគេ និងទទួលជ័យជម្នះទាំង២ជើង ឡើងទៅវគ្គផ្តាច់ព្រ័ត្ររដូវកាលនេះ ៕

   

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print