យ៉ាងហោចណាស់ក៏មានមនុស្ស៣៨នាក់ស្លាប់ និង១០៣នាក់ទៀតរងរបួសនៅក្នុងពិធីបុណ្យសាសនានៃប្រទេសអុីស្រាអែល នាថ្ងៃសុក្រទី៣០ខែមេសា។
សារព័ត៌មាន RT បានផ្សាយថា ក្រុមជនជាតិជ្វីហ្វ Hassidim រាប់សិបពាន់នាក់បានជួបជុំគ្នានៅតំបន់ភ្នំ Meron ដើម្បីចូលរួមពិធីបុណ្យប្រចាំឆ្នាំនៅផ្នូរមេដឹកនាំសាសនា Shimon Bar Yochai ។ នេះជាព្រឹត្តិការណ៍ធំបំផុតរបស់អុីស្រាអែល ចាប់តាំងពីការផ្ទុះកូវីដ-១៩ កាលពីឆ្នាំ២០២០ ។ កាលពីយប់ថ្ងៃទី២៩ខែមេសា ក្រុមអ្នករៀបចំកម្មវិធីបុណ្យឱ្យដឹងថា មានពលរដ្ឋប្រមាណ១សែននាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ តាមការព្យាករ នៅថ្ងៃទី៣០ខែមេសានឹងមានពលរដ្ឋប្រមាណ១សែននាក់ទៀតមកចូលរួម។
ផ្នូរមេដឹកនាំសាសនា Shimon Bar Yochai ត្រូវបានចាត់ទុកថាជាតំបន់ស័ក្តិសិទ្ធិបំផុតរបស់ក្រុមជនជាតិជ្វីហ្វ ហើយក៏ជាទីតាំងធ្វើព្យុហយាត្រាប្រចាំឆ្នាំផងដែរ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានករណីប្រជ្រៀតជាន់លើគ្នា ។ ជាមួយគ្នានេះដែរ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស២នាក់ដែលបានរារាំងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងពិធីបុណ្យ។
ក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា មានមនុស្ស១០៣នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានអ្នកស្លាប់៣៨នាក់។ ក្រោយហេតុការណ៍អាក្រក់ខាងលើកើតឡើង ទីតាំងរៀបចំពិធីបុណ្យ ត្រូវបានបិទទ្វារ ហើយពលរដ្ឋដែលចូលរួមត្រូវបានជម្លៀសចេញដោយរថយន្តក្រុង។
នាយករដ្ឋមន្ត្រីអីុស្រាអែល លោក Benjamin Netanyahuបានចាត់ទុកថានេះជាសោកនាដកម្មយ៉ាងរន្ធត់បំផុត ។ ពិធីបុណ្យសាសនានៅលើភ្នំ Meron ត្រូវបានហាមប្រាម ដោយសារតែច្បាប់គម្លាតសង្គមទប់ស្កាត់ការឆ្លងកូវីដ- ១៩ ប៉ុន្តែក្រោយមកនៅឆ្នាំ២០២១នេះ អីុស្រាអែលបានលុបច្បាប់គម្លាតសង្គម ក្រោយមានពលរដ្ឋជាង៥០%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់៕ ដោយ សាធី
រូបភាព៖ Reuters