រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បានឱ្យដឹងថា មានជាង៤០ប្រទេសបានសន្យាជួយដល់ឥណ្ឌា ក្នុងសង្គ្រាមទប់ស្កាត់កូវិដ-១៩ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២៩ខែមេសា រដ្ឋមន្ត្រីការបរទេសឥណ្ឌា Harsh Vardhan Shringla បានបញ្ជាក់ថា ទីក្រុង
ញូវដេលីទទួលបានទឹកចិត្តសាមគ្គីភាពពីបណ្តាប្រទេសជុំវិញពិភពលោកជួយដល់ឥណ្ឌាពេលមានគ្រោះអាសន្នកើតឡើង។
រដ្ឋមន្ត្រី Shringla បានឲ្យដឹងថា ឥណ្ឌាបានផ្តល់អាទិភាពដល់ការនាំចូលអុកស៊ីហ្សែន ដើម្បីជួយដល់អ្នកជំងឺកូវីដ-១៩ ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា មកទល់ពេលនេះឥណ្ឌាបានទទួលម៉ាស៊ីនបង្កើតអុកស៊ីហ្សែន ចំនួន៥៥០គ្រឿង ម៉ាស៊ីនជំនួយដង្ហើម ៤ពាន់គ្រឿង បំពង់អុកស៊ីហ្សែន១ម៉ឺនបំពង់ និងសម្ភារសុខាភីបាលជាច្រើនទៀត ដែលជាជំនួយពីបរទេស។
នៅពេលដ៏ខ្លីខាងមុខ ឥណ្ឌានឹងបន្តទទួលជំនួយពីបណ្តាប្រទេសលោកខាងលិច មានអាមេរិក និងបណ្តាប្រទេសអារ៉ាប់ ដើម្បីគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលកូវីដ -១៩ ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក ជេរេមី ខូនីនឌីគ (Jeremy Konyndyk) ជានាយកប្រតិបត្តិនៃអង្គភាពប្រយុទ្ធប្រឆាំង COVID-19 នៃទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាយើងចាំបាច់ត្រូវតែជួយពួកគេ (ឥណ្ឌា) ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការបង្កើនការផ្ដល់ជំនួយឱ្យបានឆាប់រហ័ស និងបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីហ្សែន ឬបរិក្ខារដែលអាចជួយឱ្យពួកគេផលិតអុកស៊ីហ្សែន»។
យន្ដហោះយោធាដំបូងគេរបស់សហរដ្ឋអាមេរិកបានដឹកជញ្ជូនជំនួយបន្ទាន់ ក្នុងនោះរួមមានទាំងអុកស៊ីហ្សែន, ម៉ាស់ N95 និងឧបករណ៍ធ្វើតេស្ដរហ័សជាដើមទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃសុក្រនេះ ហើយជំនួយទាំងនេះបើគិតជាទឹកប្រាក់សរុបច្រើនជាង ១០០លានដុល្លារ នឹងបន្តមកដល់ឥណ្ឌា ជាបន្តបន្ទាប់ទៀត៕ ដោយ សាធី
រូបភាព៖ PTI