ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ មេសា ២០២១) និងឈ្មោះ សួរ សារ៉ាន់ (១៣ មេសា ២០២១) ឈ្មោះ ចឿម ផល្លា(១៤ មេសា ២០២១) ឈ្មោះ ឡេង សុខខេង និងឈ្មោះ ឃាង លក្ខិណា (១៥ មេសា ២០២១)រដ្ឋបាលខេត្តសម្រេចបិទមន្ទីរពិសោធន៍វិជ្ជសាស្រ្តប្រាសាទកែវ និងទីតាំងផ្ទះ ចំនួន១២។
ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្តប្រាសាទកែវ និងទីតាំងផ្ទះចំនួន១២ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើការទីតាំងពាក់ព័ន្ធដូចមានតារាងជូនភ្ជាប់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា