អន្តរជាតិ៖ បើតាមសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ខណៈការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងប្រទេសថៃ កាន់តែបង្កជាក្តីកង្វល់ធំឡើងៗ និងស្ថិតនៅចំពោះមុខការរិះគន់ អំពីយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវផងនោះ។ នៅទីបំផុតរដ្ឋាភិបាលថៃ បានផ្តល់ការអនុញ្ញាតឲ្យវិស័យ ឯកជន អាចនាំចូលវ៉ាក់សាំងបង្ការ COVID-19 ពីបរទេសបាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល។
បេីតាមលោក ស៊ូផាន់ មង្គលស៊ូធី (Suphan Mongkolsutee) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសាម្សិលមិញនេះថា៖ «រដ្ឋាភិបាលរបស់យើងនឹងបង្កើនការបញ្ជាទិញវ៉ាក់សាំង ដើម្បីធានាឲ្យបាននូវវ៉ាក់សាំងចំនួន ១០០លានដូសក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ាក (brand) វ៉ាក់សាំងបន្ថែមទៀត ដែលនឹងត្រូវដាក់បន្ថែមនៅក្នុងខែឧសភា»។
សូមជម្រាបថា ប្រទេសថៃ ដែលមានចំនួនប្រជាជនជិត ៧០លាននាក់ បេីគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ១.៣៤លានដូសហើយជូនពលរដ្ឋរបស់ខ្លួន ក្នុងនោះមានតែ ២៨៥,០០០នាក់ ឬស្មើនឹង ០.៤% ប៉ុណ្ណោះបានទទួលការចាក់គ្រប់ដូស (ពីរដូស)។
គួរបញ្ជាក់ថា ប្រទេសថៃ កន្លងមកនេះបានធ្វើការបញ្ជាទិញ វ៉ាក់សាំងអង់គ្លេស AstraZeneca ប្រមាណ ៦១លានដូស និងវ៉ាក់សាំងចិន Sinovac ចំនួន ២.៥លានដូសរួចមកហើយ ហើយខ្លួនក៏កំពុងចរចាដើម្បីទិញវ៉ាក់សាំងរុស្ស៊ី Sputnik ចំនួនចាប់ពី ៥-១០លានដូសទៀត។
ដោយឡែកបើតាម FTI ក៏បានលើកឡើងថា រដ្ឋាភិបាលនឹងសហការជាមួយវិស័យឯកជន ក្នុងនោះរួមមានទាំងប្រតិបត្តិករ នៃមន្ទីរពេទ្យឯកជននានាផងដែរ ដើម្បីសម្រួលដល់ការនាំចូលវ៉ាក់សាំង៕ដោយ៖ស តារា