ភ្នំពេញ : តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា បានចាកចេញពីកម្ពុជាកាលពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោសគឺក្រោយនាងជាសះស្បើយពីជំងឺកូវីដ១៩នោះ។ អ្វីដែលធ្វើឲ្យគេនឹកឆ្ងល់ព្រោះតែការធ្វើដំណើររួមគ្នាជាមួយស្វាមីនេះ ត្រូវបានគេលើកលើងថា នឹងអាចនឹងបោះបង់ចោលការងារសិល្បៈ និងចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានតារាស្រីរូបនេះចេញច្រានដំណឹងនេះចោល។
ការចាកចេញរបស់តារាចម្រៀង សុគន្ធ នីសា ត្រូវបានអ្នកជិតដិតទម្លាយថានាងអាចនឹងធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសមហាអំណាចមួយនេះដើម្បីបំពេញឯកសារផ្លូវច្បាប់ណាមួយរួមជាមួយស្វាមី ហើយនាងក៏អាចនឹងទៅរស់នៅទីនោះនៅថ្ងៃណាមួយ ហើយដំណឹងនៃការចាកចេញទៅរស់នៅភ្លាម ដែលធ្វើឲ្យអ្នកគាំទ្រនាងឆ្ងល់ក៏ត្រូវបានបញ្ជាក់ដោយតារាស្រីរូបនេះផងដែរ។ កន្លងមកតារារូបនេះបានត្រឹមបញ្ជាក់ហេតុផលដោយខ្លីថា នាងចាកចេញទៅកាន់សហរដ្ឋអាមរិកនាពេលនេះ គឺដោយសារការងារចាំបាច់ផ្ទាល់ខ្លួននៅក្នុងរង្វង់គ្រួសារនាងប៉ុណ្ណោះ។ ហេតុផលមួយនេះ មិនបានធ្វើអោយ សុគន្ធ នីសា បន្តការរស់នៅអាមេរិកជារៀងរហូតឡើយ ពោលគឺនាងនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ជាមួយនឹងការបន្តអាជីពសិល្បៈរបស់នាងដដែល។នាងបានបន្ថែមខ្លឹមសារមួយចំនួនកាលពីថ្មីៗនេះដើម្បីបញ្ចប់មន្ទិលលើបញ្ហានេះដោយនាងថា”ខ្ញុំមានការនឹករលឹកស្រុកខ្មែរណាស់ មិនយូរទេខ្ញុំនឹងវិលត្រឡប់ទៅវិញ នឹកម៉ាក់ នឹងបងប្អូនក្មួយៗខ្ញុំ នឹកហ្វេនៗ នឹកការងារ នឹកផ្ទះ នឹកកូនៗ នឹកផ្លូវគ្រប់កន្លែងដែលធ្លាប់បលើកឡានខ្លួនឯងទៅគ្រប់កន្លែងដែលខ្លួនឯងចង់ទៅ”។ តារារូបនេះ បញ្ជាក់មូលហេតុពីខាងរដ្ឋអាមេរិកដែរថា ខ្ញុំបានមកដល់ Boston ថ្ងៃទី 16,04,2021 មានការចាំបាច់ត្រូវតែមក ពេលរួចរាល់ការងារប្រចាំគ្រួសារហើយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយើងវិញ។នាងថា ជិត10ឆ្នាំហើយដែលមិនបានមក អ្វីៗប្រគល់អោយដំណើរ ខ្ញុំអស់ភារៈកិច្ច។ ទោះជាយ៉ាងណាអ្នកគាំទ្រនៅតែបង្ហាញអារម្មណ៍រីករាយដែលនាងមានសុខភាពល្អឡើងវិញ និងបានរួមដំណើរជាមួយស្វាមីយ៉ាងផ្អែមល្ហែមផងដែរ៕