ភ្នំពេញ៖ ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ចំនួន ២៣១គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការ មន, លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខណ្ឌ, លោក នាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់ មួយចំនួនទៀត នៅព្រឹកទី០១ ខែ ឧសភា ឆ្នាំ២០២១ ។
ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជា ពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខ ទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។
លោកអភិបាលខណ្ឌ ក៏បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែល ជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញ ពីព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវអត់ធ្មត់ និង គោរពវិធានការបិទខ្ទប់នេះមួយរយៈពេលខ្លី ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតា ដូចមុនវិញ ។
ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅ ផងនោះ លោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យ បាន ម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។
បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ថា បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស និងត្រីខ ១យួរ ៕
ដោយ៖ ជីណា