Update, សត្វគោរបស់ប្រជាពលរដ្ឋដែលងាប់នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យគឺដោយសារគ្រាប់កាំភ្លើងអាកាបត់ បាញ់ដោយ លោក វន ស៊ីផា អភិបាលស្រុក ពិតប្រាកដមែន !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សត្វគោរបស់ប្រជាពលដ្ឋដែលបានងាប់នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ដែលមានស្នាមរបួសត្រូវចំក្បាលនោះ គឺពិតជាងាប់ដោយសារគ្រាប់កាំភ្លើងអាកាបត់ ដែលបាញ់ដោយដោយ វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ។ នេះបើតាមការបញ្ជាក់ របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកអ៊ៀ ប៊ុន ធឿន កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយពីក្រុមការងារជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តចុះធ្វើការស្រាវជ្រាវមក ។

លោក អ៊ៀរ ប៊ុនធឿន ស្នងការរង និង ជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បន្តទៀតថា , កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តម សេនីយត្រី ប៉ុល វុឌ្ឍីទទួលផែនព្រហ្មទណ្ឌបានរកឃើញថា ករណីដែលបណ្ដាលឲ្យសត្វគោមួយក្បាល ងាប់ភ្លាមៗក្នុងបរិវេណសាលាស្រុកនេះ គឺបណ្ដាលមកពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងអាកាបត់មកបាញ់សាក ស្ដាកាណុងភ្ជុចទៅនឹងដី បណ្ដាលឱ្យគ្រាប់កាំភ្លើង ផ្លាតត្រូវចំក្បាលគោងាប់តែម្តង ។
ក្រោយពីក្រុមការងាររបស់ស្នងការដ្ឋាស្រាវជ្រាវរកឃើញហើយ បានយកកាំភ្លើងអាកាបត់ និង គ្រាប់កាំភ្លើង មកទុកនៅស្នងការដ្ឋាននគរបាលខេត្តផងដែរ ។
គួរបញ្ជក់ថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្លេងស្នូកាំ២គ្រាប់បានផ្ទុះផ្ទួនៗគ្នា ចេញពីសាលាស្រុកសាមគ្គីមានជ័យ ក្រោយពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យបានបាញ់ដើម្បីសាកកាំភ្លើង ខណៈដែលសត្វគោមួយហ្វូងបានចូលទៅស៊ីស្មៅនៅបរិវេណសាលាស្រុកនេះ ។ ក្រោយពីផ្ទុះអាវុធអស់២គ្រាប់ ហ្វូងគោបានរត់ចេញ ចំណែកឯសត្វគោ១ក្បាល ដែលជារបស់ ប្រជាពលរដ្ឋឈ្មោះ ខែក គឿន អាយុ ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ឡឹក ស្រី មានទីលំនៅក្នុងភូមិមានកលិច ឃុំមានក ស្រុកសាមគ្គីមានជ័យ បានងាប់ដោយត្រូវនឹងគ្រាប់កាំភ្លើងចំក្បាល ។ ក្រោយពីសត្វគោងាប់ត្រូវបានប្រជាពលរដ្ឋរត់មកប្រាប់ម្ចាស់គោថា គោរបស់ខ្លួនងាប់បាត់ហើយដោយសារគេបាញ់នៅសាលាស្រុកសាមគ្គីមានជ័យ ។
ក្រោយពីសត្វគោងាប់ភ្លាមៗ លោកសេង ចិន្តា ដែលជាអធិការនគរបាលស្រុកសាមគ្គីមានជ័យ បញ្ជាក់ប្រាប់ថា សត្វគោដែលងាប់នេះ គឺដោយសារគេគប់និងដុំថ្ម ដែលករណីបានគេដាក់ការសង្ស័យថា ជាកាបំភ្លៃហេតុការណ៍ ដើម្បីបន្ធូស្ថានការណ៍ ដែលបង្ករឡើង ដោយលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ។
ករណីនេះមជ្ឈជ្ឋានជាច្រើនបានលើកឡើងថា ករណីចៅហ្វាយស្រុក ជាអ្នកបង្ករ ប៉ុន្តែបើខុសពីអ្នកធំ ឬ អ្នកមានអំណាចវិញ កុំថាឡើយផ្ទុះអាវុធបែបនេះ គ្រាន់តែលីធ្នូ ឬស្នា អាវុធកែច្នៃផ្សេងៗ ក៍ត្រូវសមត្ថកិច្ចដកហូត នឹងអាចឃាត់ខ្លួនទៀតក៏ថាបាន ប៉ុន្តែករណីនេះ គេកំពុងដាក់ការសង្ស័យថា តើការផ្ទុះអាវុធនេះជាការបាញ់ស្តាកាណុង ឬ ជាការបាញ់ដោយចេតនាពិតប្រាកដរបស់លោកអភិបាលស្រុក វន ស៊ីផា សំដៅទៅសត្វគោ ។
ក្រោយពីក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានរកឃើញថា សត្វគោដែលងាប់ ពិតជាស្នាដៃរបស់លោក វន ស៊ីផា ពិតប្រាកដមែននោះ ថា តើអភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងចាត់វិធានការបែបណា ដល់ចៅហ្វាយស្រុកមួយនេះ កុំឲ្យមានគំរូអាក្រក់ដល់ថ្ងៃក្រោយទៀត ។
សូមបញ្ជាក់ថាមុនដំបូងឡើយ, លោកអភិបាលស្រុករូបនេះបានបដិសេធថាខ្លួនមិនបានបាញ់, ដោយឡែកអធិការនគរបាលស្រុកវិញបានបំភ្លឺថាគឺជាករណីយកដុំថ្មគប់ ។ ការឆ្លើយដោះបន្ទុកខាងលើរបស់ចៅហ្វាយស្រុកនិងលោកអធិការ ផ្ទុយពីអង្គហេតុក៏ជាបទល្មើសផងដែរ ព្រោះខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌គួរតែដឹងអំពីនីតិវិធីច្បាប់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print