ភ្នំពេញ៖ ក្រុមការងារជំនាញ បានចុះទៅបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារកាប់គោ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីផ្សារនេះត្រូវបានបិទបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ ដើម្បីតម្រូវឱ្យក្រុមអាជីវករទៅយកសំណាក ។
បេីតាមប្រធានគណៈកម្មការផ្សារកាប់គោ លោក ហាស់ ឆេន បានបញ្ជាក់ថា ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកាប់គោ សរុបមានចំនួន២៨៦នាក់ ក្នុងនោះអាជីវករតាមតូបមានចំនួន១៨៦តូប គ្រែចល័តមានចំនួន៧៧ គ្រែ និងលក់តាមកញ្ច្រែងមានចំនួន២៣។ គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ អាជីវករផ្សារកាប់គោចំនួន០៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់នៅមិនទាន់ទៅយកសំណាកគ្រប់គ្នានោះទេ ។
លោកប្រធានផ្សាររូបនេះ បន្តថា ដោយមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងការសំណូមពរពីគណៈកម្មការផ្សារកាប់គោក្រុមអាជីវករទាំងអស់បានស្ម័គ្រចិត្តឈប់លក់ និងបិទផ្សារទាំងស្រុង កាលពីថ្ងៃទី២៤ ខែមេសា ព្រមទាំងបានអំពាវនាវឱ្យពួកគាត់ទៅយកសំណាករកមេរោគកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ លោក ហាស់ ឆេន បានបន្ថែមថា បើអាជីវកណាមិនទៅយកសំណាក ដែលមិនមានឯកសារបញ្ជាក់ថា បានយកសំណាកត្រឹមត្រូវនោះនៅពេលបើកផ្សារវិញគណៈកម្មការផ្សារមិនឱ្យចូលលក់វិញទេ ៕ដោយ៖សហការី