ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់បានស្លាប់ ព្រមទាំងប្រពន្ធនិងកូនរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តអាបែនដឹកដីធុនធំបុកនិងកិនកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខបុរីប៉េងហួត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
សពជនរងគ្រោះឈ្មោះ ម៉ៅ ចាន់ឌូ អាយុ២៩ឆ្នាំជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌដង្កោនិងមានលំនៅដ្ឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌដង្កោ ដែលស្និតស្នាលនិងជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ម៉ៅ ចាន់ឌូ បានជិះម៉ូតូឌុបប្រពន្ធនិងកូនតូចត្រឡប់មកពីមន្ទីរពេទ្យដោយសារតែកូនមានអាការៈមិនស្រួលខ្លួន។លុះពេលត្រឡប់មកពីមន្ទីរវិញបានឌុបប្រពន្ធនិងកូនតូចត្រឡប់ទៅផ្ទះនៅឯខណ្ឌដង្កោដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីក្បាលថ្នល់ឆ្ពោះទៅត្បូង។
លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកដីដែលធ្វើដំណើរស្របទឹសគ្នាបានបត់ចូលការដ្ឋានសំណង់បានកៀម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលហើយរថយន្តបានកិនពីលើធ្វើឲ្យជនរងគ្រោះបែកក្បាលស្លាប់។ចំណែកប្រពន្ធបាក់ជើងដោយឡែកកូនតូចរងរបួសមធ្យម។
ក្រោយកេីតហេតុ រថយន្តបង្កបានព្យាយាមបើកចូលទៅការដ្ឋានតែត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ និងនគរបាលខណ្ឌដង្កោ ដេញតាមឃាត់បានទាំងរថយន្តបង្កនិងតៃកុង ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅដោះស្រាយតាមនិតិវិធីច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ