ក្លិប Ajax បានបញ្ជាក់នៅថ្ងៃសៅរ៍នេះ ទី១ ឧសភានេះថា បន្ទាប់ពីសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា លោកបានជាប់ក្នុងបញ្ជីសម្រាំងជាគ្រូបង្វឹកមានសក្តានុពលរបស់ក្លិប Tottenham Hotspur សម្រាប់ជំនួសតំណែងលោក Jose Mourinho ក្លិបក៏បានបន្តកុងត្រាថ្មីរបស់លោកតែម្តង។
លោក Ten Hag បានប្រាប់គេហទំព័ររបស់ក្លិប (www.ajax.nl) ថា“យើងចង់ធ្វើការលើ Ajax ដែលជោគជ័យ និងទាក់ទាញ។ ខ្ញុំដឹងនូវអ្វីដែលខ្ញុំមាននៅទីនេះហើយខ្ញុំស្គាល់មនុស្សដែលខ្ញុំធ្វើការជាមួយនៅទីនេះ។ ខ្ញុំក៏ដឹងពីរបៀបដែលយើងអាចបោះជំហានទៅមុខជាមួយក្រុមនេះផងដែរ ខ្ញុំរីករាយនៅទីនេះ”។
នាយកគ្រប់គ្រងបាល់ទាត់របស់ Ajax លោក Marc Overmars បានសារភាពថា គ្រូបង្វឹករបស់លោកបានទទួលការផ្តល់ជូននិងចាប់អារម្មណ៍ពីក្លិបខាងក្រៅប្រទេសហូឡង់ដោយមិនបានប្រាប់ឈ្មោះក្លិបដែលពាក់ព័ន្ធឡើយ។
អតីតខ្សែបម្រើស្លាបក្រុម Arsenal លោក Marc Overmars បាននិយាយថា “ប៉ុន្តែខ្ញុំគិតថាវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ Ten Hag ដែលគាត់មើលឃើញនូវអ្វីដែលអាចធ្វើទៅបានជាមួយក្រុមហើយថាវានៅតែមានភាពរីកចំរើន” ។
សារព័ត៌មាន AFP ក៏បានផ្សាយផងដែរថា បុរសវ័យ៥១ឆ្នាំរូបនេះត្រូវបានតែងតាំងដោយក្លិប Ajax ក្នុងអំឡុងរដូវកាលឆ្នាំ២០១៧-២០១៨ និងបានដឹកនាំក្លិបនេះឲ្យឈ្នះជើងឯកលីកកំពូលហុល្លង់នៅរដូវកាលបន្ទាប់ ។
រដូវកាលលីកកំពូលហុល្លង់ Eredivisie មិនត្រូវបានបញ្ចប់ទេកាលពីឆ្នាំមុនដោយសារតែជំងឺរាតត្បាតកូវីដ–១៩ ប៉ុន្តែក្លិប Ajax នឹងក្លាយជាម្ចាស់ជើងឯកម្តងទៀតប្រសិនបើពួកគេប្រកួតចាញ់ក្រុម Emmen នៅថ្ងៃសៅរ៍នេះ។ បច្ចុប្បន្ន Ajax មាន១២ពិន្ទុនាំមុខក្រុមលេខ២ PSV Eindhoven ដែលនៅសល់៤ប្រកួតទៀតចប់រដូវកាល។
លោក Ten Hag ក៏បាននាំក្រុម Ajax ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០១៩ ដែលពួកគេបានចាញ់ដោយរកគ្រាប់បាល់នៅក្រៅដីពេលប៉ះក្រុម Tottenham ៕ដោយ៖ភារៈ