ក្នុងសម័យដែលព្រះសម្មាសម្ពុទ្ធជាបរមសាស្តានៃយើង ទ្រង់គង់នៅទៀបឆ្នេរនៃស្ទឹងរោហិណី ដើម្បីសំដែងធម៌រំងាប់នូវអធិករណ៍ នៃពួកព្រះញាតិរបស់ព្រះអង្គ ។ ក្នុងពេលនោះ ព្រះអង្គទ្រង់លើកយកធម៌ និងរឿងផ្សេង ៗ ជាច្រើនមកសំដែង ដើដើម្បីឲ្យពួកព្រះញាតិទាំងនោះស្ដាប់ហើយ នឹងលះបង់នូវការវិវាទដែលជាហេតហេតុនាំឲ្យចងពៀរវេរានឹងគ្នាតទៅក្នុងពេលអនាគតតទៀត ។ ក្នុងទីនេះ សូមលើកយកចំពោះតែរឿងខ្លាឃ្មុំ និងដើមពង្រ ដែលចងពៀរនឹងគ្នាមកដំណាលជូនជាសណ្ដាប់, ដូចតទៅនេះ :
នៅខាងក្រៅទីក្រុងពារាណសី មានស្រុកមួយ ច្រើនតែពួកជាងឈើនៅអាស្រ័យ ។ បណ្ដាពួកជាងឈើដែលនៅក្នុងស្រុកនោះ មានជាងឈើម្នាក់ តែងទៅនាំយកឈើទាំងឡាយអំពីព្រៃមកធ្វើគ្រឿងរថ (រទេះ) សម្រាប់លក់ចិញ្ចឹមជីវិត ។ កាលនោះ មានដើមពង្រមួយដើមធំ ដុះនៅក្នុងហិមវន្តប្បទស ។ មានខ្លាឃ្មុំមួយស្វែងរកចំណីបរិភោគ ហើយមកដេកក្បែរគល់ពង្រនោះ ។ ចួនជាក្នុងថ្ងៃនោះ មានខ្យល់បក់មក មែកបង្រក្រៀមមួយមែកបាក់ធ្លាក់ចុះមកដោយកម្លាំងខ្យល់ ក៏សង្កត់កខ្លាឃ្មុំ, ខ្លាឃ្មុំមានសេចក្ដីឈឺចាប់យ៉ាងខ្លាំង ទាំងមានសេចក្ដីភិតភ័យដោយមិនដឹងជាអ្វីក៏ស្ទុះរត់ចេញទៅខាងក្រៅ, បន្តិចត្រឡប់មករកមើលត្រង់កន្លែងនោះវិញមិនឃើញមានអ្វីប្លែកសោះ ឃើញតែមែកពង្រដែលបាក់ធ្លាក់មកនោះ ។ ខ្លាឃ្មុំកើតសេចក្ដីក្រោធមិនសមហេតុសមផលត្រឡប់ជាខឹងចងគំនុំនឹងដើមពង្រ ដោយគិតថា ឥឡូវនឹងថាមានសីហៈ ឬខ្លាធំណាមួយមកដេកព្យាបាទដល់អញក៏ទេដែរ, ទំនងជាមានទេព្តានៅនឹងដើមឈើនេះកាច់មែកពង្រទម្លាក់មកលើអញ ដែលអញកំពុងដេកក្នុងទីនេះ មិនអីទេ គង់តែនឹងដឹងគ្នា ។ ខ្លាឃ្មុំខឹងណាស់ ក៏ស្ទុះទៅប្រហារដើមពង្រនោះដោយចង្កូម ហើយគំរាមរុក្ខទេវតាថា អញគ្មានត្រូវការស៊ីស្លឹកនិងមែកឈើរបស់អ្នកឯងទេ ម្ដេចក៏ឯងមកបៀតបៀនអញ អញមានទោសកំហុសដូចម្ដេច ? អើមិនអីទេ ចាំមើលតែពីរបីថ្ងៃទៀត អញនឹងអោយគេកាប់គាស់រំលើងដើមឈើ ព្រមទាំងឫសគល់របស់អ្នកឯង ហើយអោយគេកាត់ជាកំណាត់តូច កំណាត់ធំផងទៀត ពុំខាន ។ គ្រានោះ ជាងឈើនោះឯងបាននាំកម្មករពីរបីនាក់បររទេះចូលទៅក្នុងព្រៃ ដើម្បីរកឈើធ្វើគ្រឿងរទេះ ។ លុះដល់ក្នុងព្រៃហើយក៏បញ្ឈប់រទេះទុកក្នុងទីមួយ នាំគ្នាកាន់កាំបិត និងពូថៅដើរទៅជិតដើមពង្រនោះ ។ ខ្លាឃ្មុំឃើញជាងឈើនោះគិតថា «អឺត ថ្ងៃនេះ អញបានឃើញខ្នងបច្ចាមិត្តហើយ» ក៏ស្ទុះមកឈរជិតដើមពង្រ ។ ចំណែកខាងជាងឈើដើរបណ្ដើរ គយគន់រកមើលបណ្ដើរ ក្រែងប្រទះឈើដែលខ្លួនត្រូវការ ។ ខ្លាឃ្មុំស្រែកសួរថា នៃជាងឈើ ! អ្នកឯងកាន់ដឹងជាប់នឹងដៃដើរចូលមកក្នុងព្រៃ ប្រាថ្នារកកាប់ឈើអ្វី ? ជាងឈើ – ខ្ញុំមករកកាប់ឈើណាដែលមានសាច់ជាប់ល្អយកទៅធ្វើគ្រឿងរទេះ ។ ខ្លាឃ្មុំ – ខ្ញុំនៅក្នុងព្រៃនេះ ខ្ញុំស្គាល់ឈើគ្រប់ទាំងអស់ គឺឈើណាជាប់ ណាមិនជាប់ ឥតមានកំបាំងពីមុខខ្ញុំទេ ។ ជាងឈើ ឱមែនហើយ អ្នកឯងនៅព្រៃស្គាល់ឈើល្អ និងឈើមិនល្អ ចុះឈើអ្វីដែលមានសាច់ជាប់មាំល្អ ? ខ្លាឃ្មុំ – រាំងភ្នំក្ដី គគីរក្ដី ផ្ចឹកក្ដី សុក្រំក្ដី ដើមត្រចៀកប្រើសក្ដី ឈើទាំងនេះសុទ្ធតែជាឈើមានខ្លឹមមែនហើយ ប៉ុន្តែ មិនសូវជាប់មាំល្អប៉ុន្មានទេ បើបានឈើផន្ទនៈ (ពង្រ) ជាប់មាំល្អណាស់ ប្រើប្រាស់ទៅមិនងាយនឹងខូចទេ បើបែរជាយកទៅធ្វើជាគ្រឿងរទេះ មានខ្នងកង់ជាដើម ក៏រឹតតែជាប់មាំប្រសើរណាស់ទៅទៀត ។ ជាងឈើឮពាក្យខ្លាឃ្មុំប្រាប់ហើយ ក៏មានសោមនស្សរីករាយសប្បាយចិត្តគិតថា ថ្ងៃនេះអញមានភ័ព្វល្អណាស់តើ ចូលមកក្នុងព្រៃ មានសត្វតិរច្ឆានប្រាប់ឈើដែលគួរយកទៅធ្វើគ្រឿងរទេះ ក៏សួរទៅខ្លាឃ្មុំថា ចុះដើមពង្រនោះមានភាពបែបដូចម្ដេចខ្លះទៅ ព្រោះខ្ញុំមិនដែលស្គាល់ ? ខ្លាឃ្មុំ – ស្លឹកវារាងធំទ្រវែងបន្តិច, មែកវារាងស៊ាឃាសំយុងចុះក្រោម, ផ្លែវារាងមូលជមបន្តិចជាចង្កោម ៗ ពួកមនុស្សតែងបេះយកទៅធ្វើជាអាហារបរិភោគ ឈើនេះសំខាន់ណាស់ បើយកទៅធ្វើជាកាំក្ដី ជាខ្នងកង់ក្ដី ជាដុំក្ដី ជាប់ហើយធន់ផងទៀត គ្មានឈើណាពិសេសជាងពង្រនេះទៅទៀតទេ ។ ជាងឈើ – ចុះកន្លែងណា ដែលមានដើមពង្រ ? ខ្លាឃ្មុំ – បើអ្នកឯងមិនស្គាល់ទេ ចូរមើលមកខ្ញុំ ខ្ញុំឈរជិតដើមឈើណា ដើមឈើនោះឯងហៅថាពង្រ ។ ខ្លាឃ្មុំលុះបានប្រាប់ជាងឈើអោយស្គាល់ច្បាស់ហើយក៏មានចិត្តត្រេកអរណាស់ដោយគិតថា នឹងបានសម្រេចដូចបំណងរបស់ខ្លួន ហើយថយទៅសំងំក្នុងទីមួយលបចាំមើលក្បែរនោះដែរ ។ ខណៈនោះ ជាងឈើក៏រៀបចំប្រារពនឹងកាប់ដើមពង្រនោះ ។
រុក្ខទេវតា ដែលនៅនឹងដើមឈើនោះគិតថា ឱអញគ្រោះថ្នាក់ដល់ហើយតើ ! អន្តរាយនេះប្រាកដជាកើតមកពីរខ្លាឃ្មុំនោះឯង ជាអ្នកញុះញង់បង្កហេតុ, ឯមែកពង្របាក់ធ្លាក់ទៅលើវានោះដោយសារខ្យល់ទេ មិនមែនអញធ្វើឡើយ សូម្បីតែវត្ថុអ្វីបន្តិចបន្តួចក៏អញមិនដែលធ្វើឱ្យវាធ្លាក់ចុះទៅលើវាដែរ, ឥឡូវ វាត្រឡប់ជាចងគំនុំខុសទំនងមិនមហេតុសមផល ធ្វើវិមានរបស់អញឱ្យវិនាស ណ្ហើយចុះអញ បើបំណាច់នឹងវិនាស ក៏ត្រូវតែធ្វើខ្លាឃ្មុំនោះឱ្យវិនាសដូចអញដែរ, ក៏តំណែងភេទជាបុរសម្នាក់ បែបភាពជាអ្នកធ្វើការក្នុងព្រៃ ហើយដើរចូលទៅជិតជាងឈើនោះ សួរថា នែជាងឈើ ! អ្នកឯងកាប់ឈើនេះបំរុងនឹងយកទៅធ្វើអ្វី ? ជាងឈើ – យកទៅធ្វើខ្នងកង់រទេះ គេថា ឈើហ្នឹងជាប់។ រុក្ខទេវតា – អ្នកណាប្រាប់អ្នកឯង ? ជាងឈើ – ខ្លាឃ្មុំប្រាប់ខ្ញុំ ។ រុក្ខទេវតា – បើខ្លាឃ្មុំប្រាប់ ការនោះប្រាកដមែនហើយ ប៉ុន្តែឈើនេះបើយកទៅប្រើសុទ្ធតែវាមិនសូវជាជាប់អំណត់ប៉ុន្មានទេ បើបានស្បែកខ្លាឃ្មុំត្រង់កវា ប្រមាណប៉ុន ៤ ធ្នាប់ទទឹង យកមកពាសព័ទ្ធមណ្ឌលខ្នងកង់ពីខាងក្រៅអោយដូចជាគេព័ទ្ធបន្ទះដែល ហើយយកខ្លាញ់វាមកលាបសាច់ឈើនោះខ្លះផង ហ្នឹងរឹតតែជាប់អំណត់ណាស់ទៅទៀត ។ ជាងឈើ – អោយខ្ញុំទៅរកស្បែក និងខ្លាញ់ខ្លាឃ្មុំពីណាបាន ។ រុក្ខទេវតា – អ្នកឯងកុំល្ងង់ពេក, ដើមពង្រនេះដុះនៅក្នុងព្រៃមិនរត់ទៅណាបាត់ទេ, ខ្លាឃ្មុំណាដែលប្រាប់អ្នកឯងថា ឈើហ្នឹងជាប់ អ្នកឯងចូរទៅកាន់សំណាក់ខ្លាឃ្មុំនោះនិយាយបញ្ឆោតវាថា ឈើដែលអ្នកឯងបង្ហាញខ្ញុំនោះ, ឥឡូវអោយខ្ញុំកាប់កាត់ត្រង់កន្លែងណាខ្លះ ចូរនាំវាអោយមកបង្ហាញ, កាលបើវាមកហើយកំពុងតែយកចុងមាត់បង្ហាញថា អ្នកឯងចូរកាត់ត្រង់នេះ ឬចូរកាត់ត្រង់នោះ, អ្នកឯងចូរយកពូថៅធំដ៏មុតកាប់សម្លាប់ ហើយពន្លះយកស្បែក ព្រមទាំងសាច់វាយកទៅបរិភោគទៅ ។ ជាងឈើបានធ្វើតាមពាក្យដែលរុក្ខទេវតានោះបង្គាប់ហើយ ក៏សម្លាប់ខ្លាឃ្មុំនោះបានហើយ, អារពន្លះយកស្បែក សាច់ និងខ្លាញ់ រួចហើយទើបកាប់ដើមពង្រនោះជាខាងក្រោយនាំយកទៅ ព្រោះហេតុនោះបានជា ខ្លាឃ្មុំ កាលណាបើវាប្រទះឃើញដើមពង្រ តែងតែស្ទុះទៅខ្វារដោយក្រចក ខាំកកេរដោយចង្កូម ជាធម្មតា ព្រោះមានពំនៀរនឹងគ្នា ជាប់តាំងពីកាលនោះមក ៕
គំនិតបែបអប់រំៈ សេចក្ដីស្អប់ មិនអាចបញ្ចប់សេចក្ដីស្អប់បានជាដាច់ខាត៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត