រឿងនិទានខ្មែរ÷រឿងខ្លាឃ្មុំនិងដើមពង្រ

ចែករំលែក៖

ក្នុង​សម័យ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​សាស្តា​នៃ​យើង ទ្រង់​គង់​នៅ​ទៀប​ឆ្នេរ​នៃ​ស្ទឹង​រោហិណី ដើម្បី​សំដែង​ធម៌​រំងាប់​នូវ​អធិករណ៍ នៃ​ពួក​ព្រះ​ញាតិ​របស់​ព្រះ​អង្គ ។ ក្នុង​ពេល​នោះ ព្រះ​អង្គ​ទ្រង់​លើក​យក​ធម៌ និង​រឿង​ផ្សេង ៗ ជា​ច្រើន​មក​សំដែង ដើដើម្បីឲ្យពួក​ព្រះ​ញាតិ​ទាំង​នោះ​ស្ដាប់​ហើយ នឹង​លះបង់​នូវ​ការ​វិវាទ​ដែល​ជា​ហេតហេតុនាំឲ្យចង​ពៀរ​វេរា​នឹង​គ្នា​តទៅ​ក្នុង​ពេល​អនាគត​ត​ទៀត ។ ក្នុង​ទី​នេះ សូម​លើក​យក​ចំពោះ​តែ​រឿង​ខ្លា​ឃ្មុំ និង​ដើម​ពង្រ ដែល​ចង​ពៀរ​នឹង​គ្នា​មក​ដំណាល​ជូន​ជា​សណ្ដាប់, ដូច​តទៅ​នេះ :

នៅ​ខាង​ក្រៅ​ទីក្រុង​ពារាណសី មាន​ស្រុក​មួយ ច្រើន​តែ​ពួក​ជាង​ឈើ​នៅ​អាស្រ័យ ។ បណ្ដា​ពួក​ជាង​ឈើ​ដែល​នៅ​ក្នុង​ស្រុក​នោះ មាន​ជាង​ឈើ​ម្នាក់ តែង​ទៅ​នាំ​យក​ឈើ​ទាំងឡាយ​អំពី​ព្រៃ​មក​ធ្វើ​គ្រឿង​រថ (រទេះ) សម្រាប់​លក់​ចិញ្ចឹម​ជីវិត ។ កាល​នោះ មាន​ដើម​ពង្រ​មួយ​ដើម​ធំ ដុះ​នៅ​ក្នុង​ហិមវន្ត​ប្បទស ។ មាន​ខ្លាឃ្មុំ​មួយ​ស្វែង​រក​ចំណី​បរិភោគ ហើយ​មក​ដេក​ក្បែរ​គល់​ពង្រ​នោះ ។ ចួន​ជា​ក្នុង​ថ្ងៃ​នោះ មាន​ខ្យល់​បក់​មក មែក​បង្រ​ក្រៀម​មួយ​មែក​បាក់​ធ្លាក់​ចុះ​មក​ដោយ​កម្លាំង​ខ្យល់ ក៏​សង្កត់​ក​ខ្លាឃ្មុំ, ខ្លាឃ្មុំ​មាន​សេចក្ដី​ឈឺ​ចាប់​យ៉ាង​ខ្លាំង ទាំង​មាន​សេចក្ដី​ភិត​ភ័យ​ដោយ​មិន​ដឹង​ជា​អ្វី​ក៏​ស្ទុះ​រត់​ចេញ​ទៅ​ខាង​ក្រៅ, បន្តិច​ត្រឡប់​មក​រក​មើល​ត្រង់​កន្លែង​នោះ​វិញ​មិន​ឃើញ​មាន​អ្វី​ប្លែក​សោះ ឃើញ​តែ​មែក​ពង្រ​ដែល​បាក់​ធ្លាក់​មក​នោះ ។ ខ្លាឃ្មុំ​កើត​សេចក្ដី​ក្រោធ​មិន​សម​ហេតុ​សម​ផល​ត្រឡប់​ជា​ខឹង​ចង​គំនុំ​នឹង​ដើម​ពង្រ ដោយ​គិត​ថា ឥឡូវ​នឹង​ថា​មាន​សីហៈ ឬ​ខ្លា​ធំ​ណា​មួយ​មក​ដេក​ព្យាបាទ​ដល់​អញ​ក៏​ទេ​ដែរ, ទំនង​ជា​មាន​ទេព្តា​នៅ​នឹង​ដើម​ឈើ​នេះ​កាច់​មែក​ពង្រ​ទម្លាក់​មក​លើ​អញ ដែល​អញ​កំពុង​ដេក​ក្នុង​ទី​នេះ មិន​អី​ទេ គង់​តែ​នឹង​ដឹង​គ្នា ។ ខ្លាឃ្មុំ​ខឹង​ណាស់ ក៏​ស្ទុះ​ទៅ​ប្រហារ​ដើម​ពង្រ​នោះ​ដោយ​ចង្កូម ហើយ​គំរាម​រុក្ខ​ទេវតា​ថា អញ​គ្មាន​ត្រូវ​ការ​ស៊ី​ស្លឹក​និង​មែក​ឈើ​របស់​អ្នក​ឯង​ទេ ម្ដេច​ក៏​ឯង​មក​បៀតបៀន​អញ អញ​មាន​ទោស​កំហុស​ដូចម្ដេច ? អើ​មិន​អី​ទេ ចាំ​មើល​តែ​ពីរ​បី​ថ្ងៃ​ទៀត អញ​នឹង​អោយ​គេ​កាប់​គាស់​រំលើង​ដើម​ឈើ ព្រម​ទាំង​ឫស​គល់​របស់​អ្នក​ឯង ហើយ​អោយ​គេ​កាត់​ជា​កំណាត់​តូច កំណាត់​ធំ​ផង​ទៀត ពុំ​ខាន ។ គ្រា​នោះ ជាង​ឈើ​នោះ​ឯង​បាន​នាំ​កម្មករ​ពីរ​បី​នាក់​បរ​រទេះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឈើ​ធ្វើ​គ្រឿង​រទេះ ។ លុះ​ដល់​ក្នុង​ព្រៃ​ហើយ​ក៏​បញ្ឈប់​រទេះ​ទុក​ក្នុង​ទី​មួយ នាំ​គ្នា​កាន់​កាំបិត និង​ពូថៅ​ដើរ​ទៅ​ជិត​ដើម​ពង្រ​នោះ ។ ខ្លាឃ្មុំ​ឃើញ​ជាង​ឈើ​នោះ​គិត​ថា «អឺត ថ្ងៃ​នេះ អញ​បាន​ឃើញ​ខ្នង​បច្ចាមិត្ត​ហើយ» ក៏​ស្ទុះ​មក​ឈរ​ជិត​ដើម​ពង្រ ។ ចំណែក​ខាង​ជាង​ឈើ​ដើរ​បណ្ដើរ គយ​គន់​រក​មើល​បណ្ដើរ ក្រែង​ប្រទះ​ឈើ​ដែល​ខ្លួន​ត្រូវ​ការ ។ ខ្លាឃ្មុំ​ស្រែក​សួរ​ថា នៃ​ជាង​ឈើ ! អ្នក​ឯង​កាន់​ដឹង​ជាប់​នឹង​ដៃ​ដើរ​ចូល​មក​ក្នុង​ព្រៃ ប្រាថ្នា​រក​កាប់​ឈើ​អ្វី ? ជាង​ឈើ – ខ្ញុំ​មក​រក​កាប់​ឈើ​ណា​ដែល​មាន​សាច់​ជាប់​ល្អ​យក​ទៅ​ធ្វើ​គ្រឿង​រទេះ ។ ខ្លាឃ្មុំ – ខ្ញុំ​នៅ​ក្នុង​ព្រៃ​នេះ ខ្ញុំ​ស្គាល់​ឈើ​គ្រប់​ទាំងអស់ គឺ​ឈើ​ណា​ជាប់ ណា​មិន​ជាប់ ឥត​មាន​កំបាំង​ពី​មុខ​ខ្ញុំ​ទេ ។ ជាង​ឈើ ឱ​មែន​ហើយ អ្នក​ឯង​នៅ​ព្រៃ​ស្គាល់​ឈើ​ល្អ និង​ឈើ​មិន​ល្អ ចុះ​ឈើ​អ្វី​ដែល​មាន​សាច់​ជាប់​មាំ​ល្អ ? ខ្លាឃ្មុំ – រាំងភ្នំ​ក្ដី គគីរ​ក្ដី ផ្ចឹក​ក្ដី សុក្រំ​ក្ដី ដើម​ត្រចៀក​ប្រើស​ក្ដី ឈើ​ទាំង​នេះ​សុទ្ធ​តែ​ជា​ឈើ​មាន​ខ្លឹម​មែន​ហើយ ប៉ុន្តែ មិន​សូវ​ជាប់​មាំ​ល្អ​ប៉ុន្មាន​ទេ បើ​បាន​ឈើ​ផន្ទនៈ (ពង្រ) ជាប់​មាំ​ល្អ​ណាស់ ប្រើប្រាស់​ទៅ​មិន​ងាយ​នឹង​ខូច​ទេ បើ​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​រទេះ មាន​ខ្នង​កង់​ជាដើម ក៏​រឹត​តែ​ជាប់​មាំ​ប្រសើរ​ណាស់​ទៅ​ទៀត ។ ជាង​ឈើ​ឮ​ពាក្យ​ខ្លាឃ្មុំ​ប្រាប់​ហើយ ក៏​មាន​សោមនស្ស​រីករាយ​សប្បាយ​ចិត្ត​គិត​ថា ថ្ងៃ​នេះ​អញ​មាន​ភ័ព្វ​ល្អ​ណាស់​តើ ចូល​មក​ក្នុង​ព្រៃ មាន​សត្វ​តិរច្ឆាន​ប្រាប់​ឈើ​ដែល​គួរ​យក​ទៅ​ធ្វើ​គ្រឿង​រទេះ ក៏​សួរ​ទៅ​ខ្លា​ឃ្មុំ​ថា ចុះ​ដើម​ពង្រ​នោះ​មាន​ភាព​បែប​ដូចម្ដេច​ខ្លះ​ទៅ ព្រោះ​ខ្ញុំ​មិន​ដែល​ស្គាល់ ? ខ្លាឃ្មុំ – ស្លឹក​វា​រាង​ធំ​ទ្រវែង​បន្តិច, មែក​វា​រាង​ស៊ាឃា​សំយុង​ចុះ​ក្រោម, ផ្លែ​វា​រាង​មូល​ជម​បន្តិច​ជា​ចង្កោម ៗ ពួក​មនុស្ស​តែង​បេះ​យក​ទៅ​ធ្វើ​ជា​អាហារ​បរិភោគ ឈើ​នេះ​សំខាន់​ណាស់ បើ​យក​ទៅ​ធ្វើ​ជា​កាំ​ក្ដី ជា​ខ្នង​កង់​ក្ដី ជា​ដុំ​ក្ដី ជាប់​ហើយ​ធន់​ផង​ទៀត គ្មាន​ឈើ​ណា​ពិសេស​ជាង​ពង្រ​នេះ​ទៅ​ទៀត​ទេ ។ ជាង​ឈើ – ចុះ​កន្លែង​ណា ដែល​មាន​ដើម​ពង្រ ? ខ្លាឃ្មុំ – បើ​អ្នក​ឯង​មិន​ស្គាល់​ទេ ចូរ​មើល​មក​ខ្ញុំ ខ្ញុំ​ឈរ​ជិត​ដើម​ឈើ​ណា ដើម​ឈើ​នោះ​ឯង​ហៅ​ថា​ពង្រ ។ ខ្លាឃ្មុំ​លុះ​បាន​ប្រាប់​ជាង​ឈើ​អោយ​ស្គាល់​ច្បាស់​ហើយ​ក៏​មាន​ចិត្ត​ត្រេកអរ​ណាស់​ដោយ​គិត​ថា នឹង​បាន​សម្រេច​ដូច​បំណង​របស់​ខ្លួន ហើយ​ថយ​ទៅ​សំងំ​ក្នុង​ទី​មួយ​លប​ចាំ​មើល​ក្បែរ​នោះ​ដែរ ។ ខណៈ​នោះ ជាង​ឈើ​ក៏​រៀបចំ​ប្រារព​នឹង​កាប់​ដើម​ពង្រ​នោះ ។

រុក្ខ​ទេវតា ដែល​នៅ​នឹង​ដើម​ឈើ​នោះ​គិត​ថា ឱ​អញ​គ្រោះថ្នាក់​ដល់​ហើយ​តើ ! អន្តរាយ​នេះ​ប្រាកដ​ជា​កើត​មក​ពីរ​ខ្លាឃ្មុំ​នោះ​ឯង ជា​អ្នក​ញុះញង់​បង្ក​ហេតុ, ឯ​មែក​ពង្រ​បាក់​ធ្លាក់​ទៅ​លើ​វា​នោះ​ដោយ​សារ​ខ្យល់​ទេ មិនមែន​អញ​ធ្វើ​ឡើយ សូម្បី​តែ​វត្ថុ​អ្វី​បន្តិច​បន្តួច​ក៏​អញ​មិន​ដែល​ធ្វើ​ឱ្យ​វា​ធ្លាក់​ចុះ​ទៅ​លើ​វា​ដែរ, ឥឡូវ វា​ត្រឡប់​ជា​ចង​គំនុំ​ខុស​ទំនង​មិន​ម​ហេតុ​សម​ផល ធ្វើ​វិមាន​របស់​អញ​ឱ្យ​វិនាស  ណ្ហើយ​ចុះ​អញ បើ​បំណាច់​នឹង​វិនាស ក៏​ត្រូវ​តែ​ធ្វើ​ខ្លាឃ្មុំ​នោះ​ឱ្យ​វិនាស​ដូច​អញ​ដែរ, ក៏​តំណែង​ភេទ​ជា​បុរស​ម្នាក់ បែប​ភាព​ជា​អ្នក​ធ្វើ​ការ​ក្នុង​ព្រៃ ហើយ​ដើរ​ចូល​ទៅ​ជិត​ជាង​ឈើ​នោះ សួរ​ថា នែ​ជាង​ឈើ ! អ្នក​ឯង​កាប់​ឈើ​នេះ​បំរុង​នឹង​យក​ទៅ​ធ្វើ​អ្វី ? ជាង​ឈើ – យក​ទៅ​ធ្វើ​ខ្នង​កង់​រទេះ គេ​ថា ឈើ​ហ្នឹង​ជាប់​។ រុក្ខ​ទេវតា – អ្នក​ណា​ប្រាប់​អ្នក​ឯង ? ជាង​ឈើ – ខ្លាឃ្មុំ​ប្រាប់​ខ្ញុំ ។ រុក្ខ​ទេវតា – បើ​ខ្លាឃ្មុំ​ប្រាប់ ការ​នោះ​ប្រាកដ​មែន​ហើយ ប៉ុន្តែ​ឈើ​នេះ​បើ​យក​ទៅ​ប្រើ​សុទ្ធ​តែ​វា​មិន​សូវ​ជា​ជាប់​អំណត់​ប៉ុន្មាន​ទេ បើ​បាន​ស្បែក​ខ្លាឃ្មុំ​ត្រង់​ក​វា ប្រមាណ​ប៉ុន ៤ ធ្នាប់​ទទឹង យក​មក​ពាស​ព័ទ្ធ​មណ្ឌល​ខ្នង​កង់​ពី​ខាង​ក្រៅ​អោយ​ដូចជា​គេ​ព័ទ្ធ​បន្ទះ​ដែល ហើយ​យក​ខ្លាញ់​វា​មក​លាប​សាច់​ឈើ​នោះ​ខ្លះ​ផង ហ្នឹង​រឹត​តែ​ជាប់​អំណត់​ណាស់​ទៅ​ទៀត ។ ជាង​ឈើ – អោយ​ខ្ញុំ​ទៅ​រក​ស្បែក និង​ខ្លាញ់​ខ្លាឃ្មុំ​ពី​ណា​បាន ។ រុក្ខ​ទេវតា – អ្នក​ឯង​កុំ​ល្ងង់​ពេក, ដើម​ពង្រ​នេះ​ដុះ​នៅ​ក្នុង​ព្រៃ​មិន​រត់​ទៅ​ណា​បាត់​ទេ, ខ្លាឃ្មុំ​ណា​ដែល​ប្រាប់​អ្នក​ឯង​ថា ឈើ​ហ្នឹង​ជាប់ អ្នក​ឯង​ចូរ​ទៅ​កាន់​សំណាក់​ខ្លាឃ្មុំ​នោះ​និយាយ​បញ្ឆោត​វា​ថា ឈើ​ដែល​អ្នក​ឯង​បង្ហាញ​ខ្ញុំ​នោះ, ឥឡូវ​អោយ​ខ្ញុំ​កាប់​កាត់​ត្រង់​កន្លែង​ណា​ខ្លះ ចូរ​នាំ​វា​អោយ​មក​បង្ហាញ, កាល​បើ​វា​មក​ហើយ​កំពុង​តែ​យក​ចុង​មាត់​បង្ហាញ​ថា អ្នក​ឯង​ចូរ​កាត់​ត្រង់​នេះ ឬ​ចូរ​កាត់​ត្រង់​នោះ, អ្នក​ឯង​ចូរ​យក​ពូថៅ​ធំ​ដ៏​មុត​កាប់​សម្លាប់ ហើយ​ពន្លះ​យក​ស្បែក ព្រម​ទាំង​សាច់​វា​យក​ទៅ​បរិភោគ​ទៅ ។ ជាង​ឈើ​បាន​ធ្វើ​តាម​ពាក្យ​ដែល​រុក្ខ​ទេវតា​នោះ​បង្គាប់​ហើយ ក៏​សម្លាប់​ខ្លា​ឃ្មុំ​នោះ​បាន​ហើយ, អារ​ពន្លះ​យក​ស្បែក សាច់ និង​ខ្លាញ់ រួច​ហើយ​ទើប​កាប់​ដើម​ពង្រ​នោះ​ជា​ខាង​ក្រោយ​នាំ​យក​ទៅ ព្រោះ​ហេតុ​នោះ​បាន​ជា ខ្លាឃ្មុំ កាល​ណា​បើ​វា​ប្រទះ​ឃើញ​ដើម​ពង្រ តែង​តែ​ស្ទុះ​ទៅ​ខ្វារ​ដោយ​ក្រចក ខាំ​កកេរ​ដោយ​ចង្កូម ជា​ធម្មតា ព្រោះ​មាន​ពំនៀរ​នឹង​គ្នា ជាប់​តាំង​ពី​កាល​នោះ​មក ៕

គំនិតបែបអប់រំៈ សេចក្ដី​ស្អប់ មិន​អាច​បញ្ចប់​សេចក្ដី​ស្អប់​បាន​ជា​ដាច់​ខាត៕

ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print