អន្តរជាតិ៖ បើយោងតាមក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃេីញករណីអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន ៣៦៨,១៤៧នាក់បន្ថែមទៀត និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ គិតត្រឹមតែរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេសឥណ្ឌា។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភានេះដែរ បានចុះផ្សាយថា ក្រោយការបូកបន្ថែមទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនជិតដល់ ២០លានករណី។ ក្នុងនោះមានអ្នកស្លាប់សរុប ២១៨,៩៤៩នាក់ និងជាសះស្បើយឡើងវិញ ១៦.៣លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅជាង៣,៤០០,០០០នាក់ កំពុងស្ថិតក្នុងការព្យាបាល។
គួរជម្រាបថា ទិន្នន័យខាងលើនេះ គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ខណៈអ្នកជំនាញជាច្រើនបានបន្តព្រមានថា តួលេខឆ្លងជាក់ស្តែងអាចនឹងមានច្រើន ជាងតួលេខដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្ត ត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយនោះ។
ដោយឡែកជុំវិញបញ្ហានេះដែរ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដែលជាក្តីសង្ឃឹមធំមួយសម្រាប់ឥណ្ឌា ក្នុងការទប់ទល់នឹងវិបត្តិ COVID-19។ ជាក់ស្ដែងគិតត្រឹមថ្ងៃអាទិត្យទី២ ខែឧសភាម្សិលមិញនេះ បានសម្រេចប្រមាណ ១៥៧លានដូសហើយ ខណៈប្រជាជនឥណ្ឌាសរុបមានរហូតដល់ទៅជាង ១,៣០០លាននាក់ ឯណ្ណោះ៕ដោយ៖ស តារា