វ៉ាក់សាំង AstraZeneca មួយដូសដំបូង អាចប្រឆាំងកូវីដ-១៩ បាន៩៦.៧%;​ នេះបើ​តាមអ្នកឯកទេសសិក្សានៅប្រទេសថៃ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការអះអាងពីលោកវេជ្ជបណ្ឌិត Yong Poovorawan ជាអ្នកឯកទេសខាងផ្នែករោគសាស្រ្តនៃនៅសាកលវិទ្យាល័យ Chulalongkorn នៅថ្ងៃចន្ទទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ លើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដូសដំបូង ដោយពួកគេអាចមានភាពស៊ាំរហូតដល់ ៩៦.៧ភាគរយប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

បើតាមសារព័ត៌មានថៃ The Nation បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែឧសភានេះ​ ដកស្រង់​សម្ដី​របស់លោកវេជ្ជបណ្ឌិត Yong Poovorawan បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសិក្សានេះ ក៏បានបង្ហាញផងដែរថា អ្នកដែលបានឆ្លងជំងឺនេះ និងបានចំណាយពេល៤-៨សប្តាហ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ពួកគេអាចមានភាពស៊ាំរហូតដល់ ៩២.៤ភាគរយ។ ស្ត្រីត្រូវបានគេរកឃើញថា មានភាពស៊ាំរឹងមាំជាងបុរស ខណៈអ្នកដែលមានអាយុក្រោម ៦០ឆ្នាំ មានភាពស៊ាំរឹងមាំ ជាងអ្នកដែលមានអាយុលើស ៦០ឆ្នាំ»។

អ្នកឯកទេសខាងផ្នែករោគសាស្រ្តថៃរូបនេះ បន្ត​ថា សាកលវិទ្យាល័យ Chulalongkorn នេះ នឹងធ្វើការសិក្សាមួយទៀតទៅលើមនុស្ស បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ដូសទី២។ តែទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត បាននិយាយទៀតថា៖«យើងមិនបានធ្វើការសិក្សាផ្អែកលើវ៉ាក់សាំងផ្សេងៗគ្នានោះទេ ហើយនឹងស្នើសុំឱ្យអ្នកដែលបានទទួលការចាក់វ៉ាក់សាំង ទាក់ទងមកយើង ដើម្បីឲ្យយើងអាចសិក្សាពីកម្រិតនៃភាពស៊ាំ និងផលប៉ះពាល់របស់ពួកវា»។

គួរជម្រាបថា ប្រទេសថៃ​ រហូតមកដល់ពេលនេះ​ បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១,៤៨៦,៩០៧ដូសហើយ ដែលក្នុងនោះមនុស្ស ១,០៩៩,៤៦០នាក់ បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង ខណៈមនុស្ស ៣៨៧,៤៤៧នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២៕ដោយ​៖ស​ តារា​

...

រូបភាព​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print