ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីបានបិទក្រោយពីមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងចំណោមអាជីវករលក់ដូរកន្លងទៅនេះ ក្រោយស្ថានភាពឆ្លងជំងឺកូវី បានធូរស្រាលបន្តិច។
ជាក់ស្ដែងលោកស្រី ជួន សុវណ្ណារី នាយករងរដ្ឋបាលក្រុង តំណាងលោកលឹមសៀងហេងអភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានបើកទីតាំងផ្សារចំនួន២កន្លែង ឡើងវិញ
ដោយមួយរយៈពេលកន្លងមកនេះផ្សារតាពៅ និងផ្សារតាបឹប ស្ថិតក្នុងសង្កាត់បាវិត ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារមានអ្នកលក់ដូរគ្រឿងសមុទ្រ បានឆ្លងជំងឺកូវីដ១៩ តែដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ។
សូមបញ្ជាក់ថា ក្រោមវិធានការបិទខ្ទប់សង្កាត់បាវិត ក្រុងបាវិត ដែលជាតំបន់ផ្ទុះរីកដាលក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ខ្លាំង ក្រោមចំណាត់ការរបស់អាជ្ញាធរ បានធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ដោយរយៈពេលប៉ុន្មានថ្ងៃនេះ ពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទៀតនោះទេ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា បើទោះបីមានការបើកបារ៉ាស់តាមផ្លូវដែលជាប់ព្រំប្រទល់ជាមួយខេត្តព្រៃវែង និងខេត្តស្វាយរៀង តែអាជ្ញាធរបន្តពង្រឹងអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ គឺពង្រឹងចលនាតាមមូលដ្ឋានភូមិឃុំសង្កាត់ ដើម្បីពិនិត្យអ្នកដែលទើបតែចូលមករស់នៅក្នុងមូលដ្ឋានស្រុកក្រុង ហើយខេត្តស្វាយរៀង គឺជាខេត្តតំបន់អនុវត្តកាតព្វកិច្ចពាក់ម៉ាស ដូច្នេះសមត្ថកិច្ចដែលពាក់ព័ន្ធ គឺនៅតែបន្តអនុវត្តវិធានការនេះដដែល។
បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា បើមានអ្នកណាម្នាក់ល្មើសនៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រូវឃាត់ឱ្យធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ផងដែរ៕
ដោយ៖ សូរិយា