អន្តរជាតិ៖ ទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងកំណើតដំបូងគេបំផុត នៃមេរោគកូវីដ-១៩ នោះ ពេលនេះបានរៀបចំការប្រគុំតន្រ្តីចុងសប្តាហ៍ដ៏ធំមួយរយៈ ២ថ្ងៃជាប់គ្នា ដោយមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ខណៈដែលក្រុងមួយនេះលែងមានការព្រួយបារម្ភពីការចម្លងជំងឺកូវីដ ១៩ ទៀតហើយ។ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger ។
សារព័ត៌មាន The Thaiger បានបញ្ជាក់បន្ថែមថា ការប្រគុំតន្រ្តីនេះមានឈ្មោះថា The Wuhan Strawberry Music Festival បានរៀបចំឡើងកាលពីថ្ងៃសោរ៍និងអាទិត្យចុងសប្តាហ៍កន្លងទៅនេះនៅឯឧទ្យាន Garden Expo ហើយតាមអ្នករៀបចំកម្មពិធីបានបញ្ជាក់ថា ចំនួនចូលរួមទស្សនាអាចមានដល់ខ្ទង់ ១១ ០០០ នាក់ក្នុងមួយថ្ងៃ។
គួររម្លឹកថា ការប្រគុំតន្ត្រីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនិងទើបតែខកខានមិនបានរៀបចំជាសាធារណៈកាលពីឆ្នាំកន្លងទៅនេះ ព្រោះពេលនោះទីក្រុងវ៉ូហានត្រូវបិទខ្ទប់ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ អ្វីដែលគួរចាប់អារម្មណ៍នេះ គឺត្រង់ថា ទីក្រុងមួយនេះ ហាក់លែងបារម្ភនឹងការចម្លងមេរោគកូវីដ-១៩ ទៀតហើយ។ ជាក់ស្តែងប្រជាពលរដ្ឋចិន ដែលបានទៅចូលរួមទស្សនាការប្រគុំតន្ត្រីខាងលើ មានសភាពយ៉ាងច្រេីនកកកុញនោះ ត្រូវបានគេមើលឃើញថា ភាគច្រើនមិនបានពាក់ម៉ាស់នោះទេ។
លេីសពីនេះទៅទៀត នៅក្នុងខែឧសភានេះ ប្រទេសចិន ក៏គ្រោងនឹងរៀបចំពិធីប្រគុំតន្ត្រីខ្នាតធំប្រចាំឆ្នាំរយៈពេល ៥ ថ្ងៃនៅទីក្រុងប៉េកាំង និងនៅតាមបណ្តាក្រុងសំខាន់ៗជាច្រើនផ្សេងទៀតជាបន្តបន្ទាប់គ្នាផងដែរ។ ដោយឡែកចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ គិតមកទល់នឹងពេលនេះចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានប្រមាណជា ១១,៦ លាននាក់ ហើយចិនមានចំនួនអ្នកឆ្លងថ្មីតិចតួចបំផុត ដោយកាលពីថ្ងៃម្សិលមិញនេះចិនបានរកអ្នកជំងឺកូវីដ ១៩ ដែលជាករណីនាំចូលពីក្រៅប្រទេសត្រឹមតែ ១១ ករណីប៉ុណ្ណោះ។
គួរបញ្ជាក់ថា ស្របពេលដែលចិនកំពុងរៀបចំពិធីប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយនោះ គឺមានប្រទេសជាច្រើនកំពុងជួបវិបត្តិនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងដូចជានៅប្រទេសឥណ្ឌាជាដើម៕ដោយ៖សហការី
https://youtu.be/_3ECT41Qgn0