ក្លិប Valencia នៅលីកកំពូលអេស្ប៉ាញបានបណ្តេញគ្រូបង្វឹកលោក Javi Gracia ចេញពីតំណែងបន្ទាប់ពីទទួលបន្ទុកបានតែ១០ខែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃម្សិលមិញ។
ការបរាជ័យ ៣-២ របស់ក្រុមនេះក្រោមថ្វីជើងក្រុម Barcelona នៅក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យបានធ្វើឲ្យពួកគេនៅលើក្រុមក្នុងតំបន់កាត់ចោលតែ៦ពិន្ទុប៉ុណ្ណោះ។ អតីតគ្រូបង្វឹកក្រុម Watford រូបនេះចាកចេញដោយឈ្នះបានតែ៨ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា “ក្លិបចង់អរគុណដល់លោក Javi Gracia ចំពោះការងារ និងការលះបង់របស់គាត់ក្នុងអំឡុងពេលប៉ុន្មានខែនេះក្នុងការដឹកនាំក្រុម ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យបំផុតសម្រាប់អនាគត” ។
ក្រុមជើងឯកអេស្ប៉ាញ៦សម័យ Valencia បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៤ក្នុងតារាង La Liga ដោយនៅសល់៤ប្រកួតទៀតនឹងចប់រដូវកាល។
ជំនួយការរបស់អ្នកចាត់ការទូទៅលោក Salvador Gonzalez ‘Voro’ នឹងដឹកនាំក្រុមជំនួស ដោយឈរលើមូលដ្ឋានបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ក្រុម Valencia បច្ចុប្បន្នកំពុងឈរលេខរៀងទី១៤ មាន៣៦ពិន្ទុ ក្នុង៣៤ប្រកួតកន្លងទៅ។ ១០ប្រកួតចុងក្រោយរបស់ក្រុម Valencia គឺឈ្នះតែ២ដងប៉ុណ្ណោះ ដោយចាញ់៥ប្រកួត និងស្មើ៣ប្រកួត។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវ Real Valladolid នៅលីកកំពូលអេស្ប៉ាញនៅថ្ងៃទី៩ ឧសភាខាងមុខ សម្រាប់ការប្រកួតសប្តាហ៍ទី៣៥របស់ខ្លួន ៕ដោយ៖ភារៈ