ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្រើហិង្សាដោយរុញផ្ទប់ទៅនិឹងជញ្ជាំងហើយយកកូនកាំបិតចាក់ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ រួចហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតសន្តិសុខខុនដូបានប្រទះឃើញសពជនរងគ្រោះបង្កឱ្យមានការភ្ញាក់ផ្អើលហើយរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកធ្វើអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣៤នាទីយប់ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២១ នៅចំណុចខុនដូបាលី5 បន្ទប់10A ជាន់ទី10 តាមផ្លូវចែកា ក្រុម78 ស្ថិតនៅភូមិ14 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ហៅក្រៅ xiao xiao(សាវ សាវ ) ភេទប្រុស ជនជាតិចិន អាយុប្រហែល៤០ឆ្នាំ ស្នាក់នៅខុនដូបាលី5 បន្ទប់លេខ23B ជាន់ទី23 តាមផ្លូវចែកា ក្រុម78 ស្ថិតភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិងលិខិតឆ្លងដែនមិនទាន់មានបញ្ជាក់ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុយោងតាមកាមេរ៉ាសុវត្ថិភាពនៅទីតាំងកន្លែងកើតហេតុឃើញថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១១និង៣៤នាទីយប់ជនរងគ្រោះ(សព)បានរត់ចេញពីជណ្ដើរជើងជាន់ទី១០ ក្នុងខុនដូបាលី5 សំដៅមកជណ្ដើរយន្ត ភ្លាមៗនោះក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន១នាក់រត់ដេញតាមពីក្រោយជនរងគ្រោះដោយមានកាន់កូនកាំបិត១ នៅដៃខាងស្ដាំ។ពេលជនសង្ស័យដេញតាមជនរងគ្រោះទាន់ ដៃខាងឆ្វេងជនសង្ស័យបានរុញជនរងគ្រោះផ្ទប់ទៅនិឹងជញ្ជាំង ហើយដៃខាងស្ដាំកាន់កូនកាំបិតចាក់ទៅលើខ្លួនជនរងគ្រោះជាច្រើនកាំបិតបណ្ដាលដួលហូរឈាមជោកជាំ រួចជនរងគ្រោះព្យាយាមដើរបានចម្ងាយពីរទៅបីជំហានទើបដួលស្លាប់នៅមុខបន្ទប់កើតហេតុខាងលើតែម្ដង ។
រីឯជនសង្ស័យបានរត់តាមជណ្ដើរយន្តចុះមកជាន់ផ្ទាល់ដីគេចខ្លួនពីខុនដូបាលី5បាត់ទៅ ។
បច្ចុប្បន្នសមត្ថកិច្ចកកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យយ៉ាងសកម្មបំផុត៕
ដោយ៖ ជីណា