បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីបានអនុវត្តតំណមភូមិឬបិទភូមិ ដោយមិនឱ្យអ្នកក្រៅចូលឡើយដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តរតនគិរី៖ បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មានទំនៀមទម្លាប់តាំងពីយូរលង់ណាស់មកហើយ ដោយមានតំណមភូមិ ឬបិទភូមិមិនឱ្យអ្នកក្រៅចូល ព្រមទាំងមានធ្វើពិធីសែនព្រេនដើម្បីសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី បណ្ដេញឧបទ្រពចង្រៃ ធ្វើពិធីសែនអារក្សសុំឱ្យជៀសផុតពីជំងឺរាតត្បាតនានាក្នុងរយៈពេលវែងឬឆាប់ តាមទំនៀមទម្លាប់របស់ជនជាតិនីមួយៗ។

ក្នុងបរិបទនៃដំណាក់កាលកូវីដ-១៩ បងប្អូនសហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរជុំ និងស្រុកបរកែវទាំងប្រុសទាំងស្រី ទាំងក្មេងចាស់ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឱ្យអ្នកក្រៅចូលឡើយ គឺមានការយាមកាមទាំងយប់ទាំងថ្ងៃ មានសរសេរបម្រាម មានខ្សែ និងឈើបាំងជារនាំងច្រកចេញចូលភូមិ ដោយស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានសុខាភិបាលនាពេលបច្ចុប្បន្ននេះផងដែរ។

លោក ហេង ប៊ុននី អភិបាលស្រុកបរកែវបានឱ្យដឹងថា ស្ទើរតែគ្រប់ភូមិទាំងអស់នៅស្រុកបរកែវ បានអនុវត្តតំណមភូមិ ឬបិទភូមិនេះតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដើម្បីការពារសហគមន៍របស់ពួកគាត់ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដ៏កាចសាហាវជាមួយរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ប្រសិនបើមានអ្នកល្មើសចូល នឹងទទួលការពិន័យតាមបែបប្រពៃណីរបស់ពួកគាត់។

លោក ខៀង យុទ្ធារ៉ា អភិបាលរងស្រុកអូរជុំ ក៏បានឱ្យដឹងស្រដៀងគ្នាដែរថា ក្នុងករណីមានអ្នកល្មើសចូលដោយចេតនាក្នុងការហាមឃាត់នោះ នឹងទទួលរងការពិន័យពីគណៈកម្មការចាស់ទុំ តាមប្រពៃណីរបស់ពួកគាត់សម្រេច មានស្រាល ធ្ងន់ ដែលការពិន័យទាំងនោះមានដូចជា មាន់ ស្រា, ជ្រូកនិងថវិកាជាដើម។
ទោសស្រាលមានដូចជាការលួចចេញចូល រីឯទោសធ្ងន់មានដូចជា ការចេញចូលល្មើសបម្រាម រួចបង្ហាញអាកប្បកិរិយា និងកាយវិការ ពាក្យសម្តីប្រមាថមើលងាយធ្ងន់ធ្ងរទៅដល់សហគមន៍ ឬគណៈកម្មការ។

ការផាកពិន័យនោះដើម្បីយកជូនចាស់ទុំក្នុងភូមិ តម្រូវការធ្វើកម្មវិធីសែនព្រេនទាំងនោះវិញ៕

...

ដោយ៖​ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print