នាយករដ្ឋមន្ត្រី Boris Johnson និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឯកភាពគ្នាថា ចាំបាច់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋទាំងអស់នៅលើពិភពលោកទើបអាចបញ្ចប់ការឆ្លងកូវីដ-១៩បាន ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៤ខែឧសភា ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងនៅក្នុងទីក្រុងឡុងដុងថា នាយករដ្ឋមន្ត្រី Johnson និង រដ្ឋមន្ត្រីការបរទេស Blinken បានព្រមព្រៀងគ្នាទៅលើកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺជាកូនសោដើម្បីយកឈ្នះទៅលើការឆ្លងរាលដាលកូវីដ-១៩ ហើយនិងដើម្បីបើកទ្វារសេដ្ឋកិច្ចពិភពលោកឡើងវិញ។
ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចាក់វ៉ាក់សាំងនៅលើពិភពលោក ក៏ដូចជាផលិតវ៉ាក់សាំង សម្រាប់ចែកចាយដល់បណ្តាប្រទេសជុំវិញពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសដែលជាប្រទេសកាន់តំណែងប្រធានG 7 ដែលមានប្រទេសជាសមាជិក ដូចជា អាមេរិក បារាំង អាល្លឺម៉ង់ កាណាដា ជប៉ុន និងអុីតាលី។
គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៤,៩៧៣,០៤៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៤១,០២៤នាក់ និងជាសះស្បើយឡើងវិញ ១៣២,៤២៧,២៨៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,២៧៤,៦៥៩នាក់ ស្លាប់ចំនួន ៥៩២,៤០៩នាក់ និងជាសះស្បើយចំនួន ២៥, ៩៦៦,៣៨៩នាក់៕
រូបភាព៖ AFP/TTXVN