ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអគ្គស្នងការនគរបាលរជាតិបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នៅចំណុចគោលដៅបិតខ្ទប់ តាមបណ្ដោយផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅខណ្ឌមានជ័យ ហើយជិះគេចខ្លួនមកជួបកម្លាំងសមត្ថកិច្ច ។
ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១មានឈ្មោះ ប៊ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ទី២ ឈ្មោះ ឈន ប៊ុនលាង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ចំណែកជនរងគ្រោះមានទី១ឈ្មោះជ័យ សុផល ភេទប្រុស អាយុ ៣៩ឆ្នាំបើកបរ និងជនរងគ្រោះទី២មានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ អ្នកទាំងពីរស្នាក់នៅភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងអគ្គស្នងការនគរបាលជាតិបានដាក់គោលដៅតំបន់បិទខ្ទប់ត្រង់ចំណុចផ្លូវ៦០ម៉ែត្រកែង៥០ម៉ែត្រដូចសព្វដង ហេីយបានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomerxពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DD-6524បានឃាត់ធ្វើការសួរនាំ ខណៈពេលដែលសមត្ថកិច្ចកំពុងសួរនាំ មានជនសង្ស័យម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី២០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AV-3893 មកពីក្រោយដល់ចំណុចកើតហេតុឃើញកម្លាំងសមត្ថកិច្ចក៏បត់ម៉ូតូត្រឡប់ក្រោយ តែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ធ្វេីឲ្យជនសង្ស័យភ័យក៏ដួលម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់តែម្ដងរួចសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួររួចទើបដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពីខណ្ឌមាន ទើបប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌមានជ័យចាត់បន្ត។ ចំណែកវត្ថុតាងដកហូតបាន ម៉ូតូ២គ្រឿង លុយ៦២មុឺនរៀល ប្រាក់ដុល្លារចំនួន៤០ដុល្លារ ទូរស័ព្ទ១គ្រឿង។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ ពួកគាត់បានធ្វើការរួចរាល់ ហេីយបានអូសម៉ូតូមកទុកក្នុងឃ្លាំងចំនួន ៩គ្រឿងព្រមទាំងម៉ូតូបុគ្គលិក ហើយពួកគាត់ក៏បានចូលទៅសម្រាកលង់លក់បាត់អស់ លុះដល់ម៉ោងកើតហេតុក៏មានសមត្ថកិច្ចនៅខណ្ឌដង្កោបានខលប្រាប់ថាម៉ូតូរបស់គេត្រូវបានជនសង្ស័យលួចហើយជិះគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់នៅចំណុចកើតហេតុខាងលើ ដោយសារតែសមត្ថកិច្ចចាក់សោរក្រោមកែបឆែករកឃេីញកន្ទុយលេខទូរសព្ទ ដែលជនរងគ្រោះផ្ញេីលុយតាមវីន ទេីបបានទំនាក់ទំនងទៅឲ្យមកមេីល ពេលដែលមកដល់ទេីបថាម៉ូតូជារបស់ខ្លួនពិតប្រាកដមែន។
លុះព្រឹកឡើងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ បានមកយកជនសង្ស័យទៅសាកសួរ
ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យទាំង២នាក់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
បច្ចុប្បន្ននេះ ជនសង្ស័យ២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ