ភ្នំពេញ៖ កីឡាករ សេន កុសល មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ, កីឡាករ ចាន់ គង់រាជ មកពីក្លិបតាព្រហ្ម មានជ័យ, កីឡាករ ឡូញ វ៉ាន់ឌី មកពី ក្លិបពន្លឺវិបុលរិទ្ធី និងកីឡាករ ផាន ផាត់យុទ្ធ មកពីក្លិបសាលវ័ន្ដកីឡាត្រូវជួបប្រកួតគ្នាដំណាក់កាលទី៣វគ្គ៨នាក់ចុងក្រោយ ដើម្បីរកកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់កំពូលជើង ឯក TIFFY SUPER FIGHT ទម្ងន់៥៧ គីឡូក្រាមនាល្ងាចថ្ងៃអាទិត្យ ទី១៣ ខែ មីនាឆ្នាំ២០១៦នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥អារីណា ។
កីឡាករ សេន កុសល ត្រូវជួបប្រកួត ជាមួយ ចាន់ គង់រាជ ដែលរវាងអ្នក ប្រដាល់ទាំងពីរនាក់នេះ ចាន់ គង់រាជ មានលក្ខណសម្បត្ដិល្អប្រហែលជា សេន កុសល ពិបាកយកឈ្នះបន្ដិច ពីព្រោះ កន្លងទៅគង់រាជធ្លាប់វាយឈ្នះកីឡាករ ជើងចាស់បានច្រើននាក់រួចទៅហើយ។ ប៉ុន្ដែទោះបីយ៉ាងណាក្ដីសម្រាប់ការ ប្រកួតនេះគេសង្ឃឹមថាអ្នកប្រដាល់ ទាំង២នាក់នឹងព្យាយាមវាយឱ្យអស់ពី សមត្ថភាពរៀងៗខ្លួនដើម្បីមានឱកាស ទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ដទៀត ។
គួររំលឹកថា ព្រឹត្ដិការណ៍ប្រកួតដណ្ដើម ពានរង្វាន់ជើងឯក TIFFY SUPER FIGHT ទម្ងន់៥៧គីឡូក្រាមមានកីឡាករ ៣២នាក់ចូលរួមបានចែកចេញជា៤ ដំណាក់កាលតាមរូបមន្ដប្រកួតម៉ារ៉ា តុងគឺជុំទី១ការប្រកួតជម្រុះក្នុង ចំណោម៣២នាក់ចេញទុកតែ១៦នាក់ ប៉ុណ្ណោះ។ជុំទី២ប្រកួតជម្រុះចេញ៨ នាក់ក្នុងចំណោម១៦នាក់ទុកតែ៨នាក់ និងជុំទី៣គឺជម្រុះ៤នាក់ចេញក្នុង ចំណោម៨នាក់ទុកតែ៤នាក់និងជុំទី៤ ទី៥ជាការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ TIFFY SUPER FIGHT រដូវកាលទី២ឆ្នាំ ២០១៦ ៕ សារីម