ពលរដ្ឋនៅ«តំបន់ក្រហម»ដែលចូលទៅខេត្តកំពង់ចាមតម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កជាដាច់ខាត

ចែករំលែក៖

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុង«តំបន់ក្រហម»ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ឬតំបន់មានហានិភ័យខ្ពស់ដែលវិលត្រឡប់ ឬចូលទៅកាន់ភូមិសាស្រ្តខេត្តកំពង់ចាមត្រូវតម្រូវឱ្យយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត នៅតាមមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋបាលខេត្ត ឬរដ្ឋបាលស្រុកនីមួយៗ។ នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលអ្នកវិលត្រឡប់ ឬមកពីតំបន់ផ្សេងៗដែលមិនមានហានិភ័យខ្ពស់ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

ក្នុងករណីរកពុំឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យស្នាក់នៅ និងបំពេញការងារដោយតម្រូវឱ្យមានការជូនដំណឹង និងបញ្ជាក់ពីទីកន្លែងស្នាក់នៅជូនដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាលមានដូចជា ត្រូវអនុវត្តការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅអំឡុងពេលស្នាក់នៅ។

ប៉ុន្តែ បើក្នុងករណីរកឃើញពលរដ្ឋ ឬជនចំណូលស្រុកណាម្នាក់ មានវិជ្ជមានកូវីដ-១៩ ត្រូវអនុវត្តវិធានការបិទខ្ទប់ភូមិ ឬពិនិត្យសិក្សាលទ្ធភាពសម្រាប់ផ្នែកណាមួយអំពីការបិទខ្ទប់ជាប្លុក ឬទីតាំងតូច ដោយកំណត់ខ្នងផ្ទះដែលត្រូវបិទឱ្យបានច្បាស់លាស់រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ និងចូល ឬប្រាស្រ័យទាក់ទងគ្នាឡើយ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print