ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរស្រុកថ្មពួកឲ្យម្ចាស់ភាស៊ីចំណតនៅរង្វង់មូលបឹងត្រកួនស្រុកថ្មពួកបញ្ឈប់ការយកភាស៊ីលើគោយន្ត ដោយឲ្យធ្វើកិច្ចសន្យាមួយ និងឲ្យបង្ហាញឯកសារគតិយុត្តិទាក់ទិននឹងអាជីវកម្មលើភាស៊ីចំណតនោះ ។
លោកអែម សុខា អភិបាលស្រុកថ្មពួកប្រាប់ដឹងថា និតិវិធីរដ្ឋបាលបានធ្វើលើលោកគី ជា ដែលជាម្ចាស់ភាស៊ីចំណតស្រុកថ្មពួកហើយ ។ អាជ្ញាធរស្រុកថ្មពួក បានកោះហៅម្ចាស់ភាស៊ីចំណតខាងលើមកសួរនាំនិងធ្វើកិច្ចសន្យានិងផ្តល់ឯកសារ បន្ទាប់ពីប្រជាកសិករប្រកបរបរដាំនិងដឹកដើមដំឡូងមី មើមដំឡូងមីតាមគោយន្តម្នាក់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក កាលពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២១ បានបង្ហោះក្នុងហ្វេសប៊ុកបានបញ្ចេញមតិនូវការថ្នាំងថ្នាក់និងខឹងសម្បារចំពោះឈ្មោះគី ជាជាមន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃច្រកតំបន់ព្រំដែនបឹងត្រកួននៃយោធភូមិភាគទី៥) និងក៏ជាជាម្ចាស់ភាស៊ីចំណតស្រុកថ្មពួក មានទីតាំងងនៅរង្វង់មូលបឹងត្រកួនស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតផងនិងនៅលើផ្លូវជាតិលេខ៥៦ ឃុំគំរូផងនៃស្រុកថ្មពួក ។
កសិករនិងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “កសិករដាំដំឡូងមី” នោះគឺលោកសំ ផុកយ៉ាន់ហៅធួក រស់នៅភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀត ។
លោកបានសរសេរថា ៖ ” ក្នុងនាមកសិករដ៏ល្ងង់ខ្លៅ ចង់សួរបងប្អូននៅទូទាំងប្រទេសកម្ពុជាថា តើមានបេនចំណតដកភាស៊ីគោយន្តកន្ត្រៃដូចស្រុកខ្ញុំអត់ ខាងខ្ញុំមានហើយ គ្រាន់តែគោយន្តដឹកដើមដំឡូង ចេញពីចំការកាត់រង្វង់មូលបឹងត្រកួន បងៗភាស៊ីទារលុយពីអ្នកបើកបរគោយន្តដែរ ” ។ជាមួយនោះក៏មានភ្ជាប់ជាមួយរូបថតខ្លួន និងបណ្ណ័ភាស៊ីចំណត ដែលមានសរសេរ អក្សរថា ( មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក) បណ្ណ័ភាស៊ីចំណត រថយន្តស្រុកថ្មពួក និងសាខាបឹងត្រកួន..រថយន្តតំលៃ២.០០០រៀល។
ពោលគឺបានសរសេរបង្ហោះជាមួយខ្លឹមសាររិះគន់ និងសំណូមពរដល់អាជ្ញាធរមានមានសមត្ថកិច្ចក្នុងស្រុកថ្មពួក និងក្នុងខេត្តបន្ទាយមានជ័យមេត្តាត្រួតពិនិត្យលើករណីដែលប៉ះពាល់លោកផងនិងពលរដ្ឋឯទៀតជាច្រើននាក់នោះផង ។
ជាដំណោះស្រាយលើបាតុភាពនេះ លោកអែម សុខា បានចាត់វិធានការ ២ ៖ទី១ អោយលោកគី ជា ម្ចាស់ភាស៊ីចំណតស្រុកថ្មពួក ធ្វើកិច្ចសន្យាមួយដែលមានផ្តិតមេដៃមានសេចក្តីថា ” ខ្ញុំបាទឈ្មោះគី ជា អាយុ៦៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ១៩០៧០៤៧៩៩ មានទីលំនៅភូមិបឹងសុក្រំឃុំគោករមៀតស្រុកថ្មពួក។ខ្ញុំបាទជាម្ចាស់ភាស៊ីចំណតរថយន្តស្រុកថ្មពួកខេត្តបន្ទាយមានជ័យ សូមធ្វើកិច្ចសន្យាបញ្ឈប់ការយកភាស៊ីចំពោះប្រជាពលរដ្ឋដែលដឹកកសិផលតាមគោយន្តកន្ត្រៃ។ថ្ងៃក្រោយទៅ បើមានករណីយកភាស៊ីពីពលរដ្ឋដែលដឹកកសិផលតាមគោយន្តកន្ត្រៃ ខ្ញុំបាទសូមទទួលខុសត្រូវចំពោះមុខច្បាប់ ។
ជាមួយគ្នានេះលោកគី ជា ក៏បានផ្តល់ឯកសារគតិយុត្តិនានាដែលបញ្ជាក់ពីភាពត្រឹមត្រូវ ស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ពីអាជ្ញាធរដែនដីគ្រប់ថ្នាក់ ទាក់ទិននឹងអាជីវកម្មលើភាស៊ីចំណតរថយន្តនៅស្រុកថ្មពួក ។
ហើយក៏មានឯកសារបញ្ជាក់ពីលិខិតប្រគល់សិទ្ធិនិងទទួលបានសិទ្ធិនៃកិច្ចសន្យាស្តីពីការវិនិយោគសាងសង់និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តក្នុងស្រុកថ្មពួកនេះពីឈ្មោះភ្លន់ ចំរើន ដែលជាអ្នកម្ចាស់មុន ក្នុងលិខិតចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ផងដែរ៕
ដោយ៖ វណ្ណា