ខេត្តព្រះសីហនុ, យោងសេចក្ដីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ ពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុង ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី ខេត្ត រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគ្រប់មធ្យោបាយ(តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ ដូចខាងក្រោម ៖
១-ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដែលបានទទួលសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ឬ
២-ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើក ចប់រួចរាល់ ឬ
៣-ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយ ស្រួលត្រួតពិនិត្យអំពីការដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ៤-ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីជូនដំណឹងនេះត្រូវអនុវត្តចាប់ពីម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបជាព័ត៌មាន និងចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្ដីណែនាំនេះ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា