ភ្នំពេញ ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៩ខ្នងត្រូវដួលរលំនិងប៉ើងដំបូល នៅក្នុងភូមិក្រួស ភូមិសំរោងកណ្តាល និងភូមិសំរោង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តែមិនបណ្តាលឲ្យមនុស្សនិងសត្វរងរបួសឡើយ។
ខ្យល់កន្ត្រាក់ដែលបំផ្លាញផ្ទះពលរដ្ឋទាំង៩ខ្នងនេះ នៅក្នុងភូមិក្រួសមានទី១-ផ្ទះលោក អ៊ុំ សាខន របើកក្បឿង៧០សន្លឹក, ទី២-ផ្ទះលោក ឃន សំបូរ របើកស័ង្កសី៣សន្លឹក, ទី៣-ផ្ទះលោក យង់ ហ៊ុយ របើកស័ង្កសី១៤សន្លឹក, ទី៤-ផ្ទះលោក ថាច ជុង របើកស័ង្កសី១៥សន្លឹក, ទី៥-ផ្ទះលោកស្រី មាស ផាន ទ្រេតផ្ទះ និងទី៦-ផ្ទះលោកស្រី ម៉ម សុភាព របើកក្តារជញ្ជាំង១០សន្លឹក។
រីឯនៅក្នុងភូមិសំរោងកណ្តាល ទី១-ផ្ទះលោកស្រី ម៉ាញ ម៉ុន រលំផ្ទះទាំងស្រុង និងទី២-ផ្ទះលោកស្រី គុល អ៊ូច របើកដំបូលផ្ទះ។ ចំណែកក្នុងភូមិសំរោងត្បូងវិញ មាន១ខ្នងផ្ទះគឺផ្ទះលោក តឹម ចាន់
ធារុណ របើកស័ង្កសី៤សន្លឹក។
ប៉ុន្តែយ៉ាងណាគ្រោះធម្មជាតិក្នុងសង្កាត់សំរោងនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វឡើយ។
បច្ចុប្បន្នអាជ្ញាធរសង្កាត់សំរោង និងអាជ្ញាធរខណ្ឌព្រែកព្នៅបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាជនឡើងវិញ និងកំពុងរៀបចំអំណោយយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកនេះឲ្យបានឆាប់បំផុត៕
ដោយ៖ ព្រែកសំរោង